កាលពីថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានទំនាស់នៅក្នុងគ្រួសារមួយបានកើតឡើង បានបង្កក្លាយទៅជាអំពើហិង្សារ បណ្តាលឲ្យបុរម្នាក់រងរបួសជាច្រើនកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាក សុភាព ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានយកដាវប្រវែង៥០ស.ម គ្មានដង កាប់ទៅលើជនរងគ្រោះ ឈ្មោះ ភេន សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងថ្លៃ រស់នៅផ្ទះជាមួយគ្នា បណ្ដាលឲ្យរងរបួសនៅត្រង់ ក្បាលផ្នែកពីក្រោយ ស្មាខាងឆ្វេង និង ខ្នងដៃខាងឆ្វេង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីធ្វើការជួយសង្គ្រោះអាយុជីវិត។
ប្រភពដដែលបានបន្តឲ្យដឹងបន្ថែមទៀតថា មូលហេតុនៃអំពើហិង្សានេះ គឺបណ្ដាលមកពីជនសង្ស័យឈ្លោះប្រកែកគ្នាជាមួយបងស្រីបង្កើត ត្រូវជាប្រពន្ធជនរងគ្រោះ ហើយជនរងគ្រោះក៏ទៅជួយ ពេលនោះស្រាប់តែជនដៃដល់យកដាវពីក្នុងបន្ទប់របស់ខ្លួន កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសតែម្ដង។
ជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន និង យកទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បី ធ្វើការសាកសួរ កសាងសំណុំរឿង និង ចាត់ការតាមនីតិវិធីច្បាប់៕