ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួប លោកស្រីនាយិកាគ្រប់គ្រងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះនឹងបន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និង ក្នុងកម្រិតប្រទេសកម្ពុជា ផងដែរ។ 

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រីនាយិកាគ្រប់គ្រង ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធីភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រង ពីការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី និងលោកស្រីនាយិកាគ្រប់គ្រង ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និង នៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

អត្ថបទពាក់ព័ន្ធ

Back to top button