
ឈ្មោះ ស៊ុន យ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ដែលមានទីលំនៅក្នុង ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាតដំបង បច្ចុប្បន្ន ស្នាក់នៅទំនប់អាងកំពីងពួយ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រកបមុខរបរនេសាទត្រី បានធ្វើសកម្មភាពចាប់រំលោភឈ្មោះ យ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ ដែលត្រូវជាកូនស្រីចុងរបស់ខ្លួន បានសម្រេចជាច្រើនលើកជាច្រើនសារ នៅពេលទៅរកត្រី និង ពេលនៅផ្ទះស្ងាត់តែ២នាក់ ចាប់តាំងពីដើមឆ្នាំ២០២៣មកម្លេះ ដោយបានគម្រាមសម្លាប់ និង ហាមមិនឲ្យនិយាយប្រាប់អ្នកណាដឹងឡើយ។ លុះដល់វេលាម៉ោប្រហែល១យប់ ថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឪពុកចុងរូបនេះ បានលួចឡើងតាមបង្អួចចូលទៅក្នុងបន្ទុប់កូនស្រីចុងរបស់ខ្លួន បម្រុងនឹងរំលោភម្តងទៀត តែត្រូវកូនស្រីចុងរបស់ខ្លួនប្រកែក ទើបមិនបានសម្រេច ហើយរូបនាង ក៏បាននិយាយរឿងរ៉ាវនេះ ប្រាប់ទៅម្តាយបង្កើតរបស់ខ្លួន ឈ្មោះ សរ សារុំ អាយុ៤២ឆ្នាំ ដើម្បីឲ្យគាត់ដឹង។
បន្ទាប់ពីសមត្ថកិច្ច បានទទួលបណ្ដឹងពីជនរងគ្រោះខាងលើនេះរួចហើយ កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន យ៉ុម ខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើនេះហើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ យ.ស.ន បានសម្រេចជាច្រើនលើកច្រើនសារ ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងជនសង្ស័យខាងលើនេះ រួចបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
