នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
នៅក្នុងជំនួបនោះផងដែរ លោក Ichiro KASHITANI Toyota បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ ។ លើសពីនេះ លោក Ichiro KASHITANI Toyota ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យដំណើរការដោយរលូន និង បានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះជំនួបជាមួយលោក Ichiro KASHITANI និងសហការី ព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតសម្រេចចិត្តកសាងរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា។ ក្រៅពីការទទួលយកការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកបម្រើការកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕