ព័ត៌មានជាតិ

នារីជនជាតិវៀតណាមម្នាក់ លោតចេញពីអគារ អីស្តលេនអឹផាតមុន ជាន់ទី១០ ចុះមកខាងក្រោម ដោយមិនដឹងមូលហេតុ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ហេតុការណ៍នេះដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១:៣០នាទីយប់រំលងអាធ្រាត ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ នារីជនជាតិវៀតណាមម្នាក់ លោតចេញពីអគារ អីស្តលេនអឹផាតមុន ជាន់ទី១០ ចុះមកខាងក្រោម ដោយមិនដឹងមូលហេតុ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សន្តិសុខដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជាជនជាតិវៀតណាម បានទម្លាក់អីវ៉ាន់មួយចំនួនចេញពីមាត់បង្អួចនៃអគារកើតហេតុ ជាន់ទី១០ ធ្លាក់ចុះមកក្រោម​ ចូលមកក្នុងផ្ទះរបស់ពលរដ្ឋ ក្បែរអគារកើតហេតុ។  ក្រោយមកនារីរងគ្រោះ​ក៏បានលោតមកតាមក្រោយ ​ធ្លាក់មកក្រោម ​បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ​បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និង មិត្តភក្តិ រត់មកមើល រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ 

នារីម្នាក់ត្រូវជាមិត្តនារីរងគ្រោះបានឱ្យដឹងថា នារីរងគ្រោះតែងតែមានជំងឺប្រចាំកាយ និង ស្មារតិមិនសូវល្អ ទើបមកដល់ម៉ោងកើតហេតុខាងលើស្រ្តីរងគ្រោះបានបិទទ្វារ និង ប្រមូលអីវ៉ាន់មួយចំនួនដាក់នៅក្នុងថង់ ទម្លាក់តាមបង្អួចមកក្រោម និង លោតសម្លាប់ខ្លួនមកតាមក្រោយតែម្តងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចយកខ្សែហ៊ុមព័ទ្ធទីតាំងនេះ ហើយក៏បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសាកសព ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមូលហេតុនៃការស្លាប់របស់នារីរងគ្រោះវិញ សមត្ថកិច្ចជំនាញ នឹងធ្វើការស្រាវជ្រាវបន្តទៀត៕

អត្ថបទពាក់ព័ន្ធ

Back to top button