ព័ត៌មានជាតិ

បង្ក្រាបទីតាំង KTV ពីរកន្លែង ដែលលួចលាក់ប្រើគ្រឿងញៀន ឃាត់ខ្លួនមនុស្ស១៧២នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួន

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ (KTV) ០២កន្លែង។
*ទីតាំងទី១៖ យីហោ(B9) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានការសម្របសម្រួលពីលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត
ឃាត់ខ្លួនជនសង្ស័យសរុបរួម បានចំនួន៤៨នាក់ ស្រី២០នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេសុី ចំនួន៥នាក់ បន្ទាប់កម្លាំងបានត្រួតពិនិត្យបន្ទប់ជាន់ខាងលើមាន៤បន្ទប់រកឃើញវត្ថុតាងរួមមាន៖ ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កូនថង់ និងថាសចំនួន០២, ថ្នាំកញ្ចប់រូបទំពាំងបាយជូរសង្ស័យជាសារធាតុញៀន១កញ្ចប់។
ហើយបន្តទៅជាន់ផ្ទាល់ដីនៅតុជិតកន្លែងគិតលុយរកឃើញមាន ថ្នាំកញ្ចប់ចំនួន៣កញ្ចប់ទៀតមានរូបទំពាំងបាយជូរ និងរូបសេះ, ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន១កូនថង់ទៀតនៅកន្លែងទូបាញ់ត្រី។
*ទីតាំងទី២៖ បង្រ្កាប KTV យីហោឡាំបូគីនី នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សសរុប១២៤នាក់ ស្រី៥៧នាក់ បរទេស៦៣នាក់។
ដកហូតបានវត្ថុតាង រួមមាន៖ ថ្នាំកញ្ចប់រូបផ្លែត្របែក ១៣កញ្ចប់, រូបទំពាំងបាយជូរ ១៣កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម ២កញ្ចប់ ថ្នាំកញ្ចប់រូបពណ៌ទឹកមាស ៣កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក២៣គ្រាប់, ថ្នាំគ្រាប់ពណ៌ខៀវ ១៩គ្រាប់, ម្សៅម៉ត់ស ៥ថង់តូច, បារីអេឡេត្រូនីច១២ និងឧបរកណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button