ព័ត៌មានជាតិ

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន៖ បញ្ហាលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លង កំពុងកើនឡើងក្នុងអត្រាខ្ពស់គួឱ្យបារម្ភ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយជាបន្ទាន់

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងនូវបញ្ហាប្រឈមពាក់ព័ន្ធស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅមិនទាន់មានភាពប្រសើរឡើងស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលនោះទេ ដែលក្នុងនោះការកាត់បន្ថយបញ្ហាស្គមស្គាំងរបស់កុមារនៅទ្រឹងត្រឹម ៩,៨% ចាប់តាំងពីឆ្នាំ ២០១៤មក ហើយបញ្ហាលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លងកំពុងកើនឡើងក្នុងអត្រាខ្ពស់គួឱ្យបារម្ភ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយជាបន្ទាន់។ 

ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ.) និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ (គ.ជ.ភ១.ផ១.) បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៨០ នៅព្រឹកថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ ២០២៤។ 

វេទិកានេះមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងយុវជន សរុប ៧៥នាក់។ 

ថ្លែងក្នុងឱកាសបើកវេទិកានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រី្តបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកានេះដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ព័ត៌មានកម្មវិធី និងគម្រោងនានាទាក់ទងនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កម្ពុជា។ លោកបណ្ឌិតសភាចារ្យ បានចែករំលែកអំពីគោលគំនិតនៃសន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ 

ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ពីបរិវត្តកម្មប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដែលជារឿងដ៏ចាំបាច់ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅទី២ នៃក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភមានភាពកាន់តែប្រសើរ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។ 

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តទៀតថា ជាចក្ខុវិស័យប្រព័ន្ធស្បៀងរបស់យើងត្រូវតែបៃតងប្រកបដោយចីរភាពដែលនេះមានន័យថា វិស័យស្បៀងរបស់យើងមានសន្តិសុខ ហើយប្រជាជនមានអាហារូបត្ថម្ភគ្រប់គ្រាន់ ទាំងជំនាន់របស់ពួកយើង និងជំនាន់កូនចៅយើងក្រោយៗទៀត។ 

សូមគូសបញ្ជាក់ថា វេទិកាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ គឺមួយឆ្នាំមុនការបង្កើតក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅឆ្នាំ ២០០៤ ហើយត្រូវបានរៀបចំយ៉ាងទៀងទាត់ ២ខែម្តង ប៉ុន្តែត្រូវបានអាក់ខានអស់មួយរយៈពេលកន្លងមក៕ 
អត្ថបទ៖ ចឹង ឆហួត

អត្ថបទពាក់ព័ន្ធ

Back to top button