ព័ត៌មានជាតិ

បុរសម្នាក់គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់នៅ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

កាលពីថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសម្នាក់បានគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចខាងកើតរង្វង់មូលពោធិ៍មស្រី ភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក គ្មានផ្លាកលេខ ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ ឈ្មោះ រឿន សារ័ត្ន អាយុ៣៤ឆ្នាំ រស់នៅ ភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុខាងលើ ក៏បានធ្លាក់ជង្ហុក រ៉េចង្កូតម៉ូតូសណ្តោងរ៉ឺម៉កទៅបុកជាមួយនឹងគល់ដើមអំពិលទឹក បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេងម្ខាង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបងប្អូន ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ និង សម្រាកព្យាបាល។ ចំណែកឯម៉ូតូត្រូវបានយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទពាក់ព័ន្ធ

Back to top button