កាលពីថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសម្នាក់ត្រូវបានម្ចាស់ផ្ទះប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលដោយមិនដឹងមូលហេតុ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខC27 ក្រុមទី១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១:៣០នាទីរសៀល កាលពីថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ យ៉ា គីប ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបររត់ផាស់អាប់ ស្រុកកំណើតនៅ ភូមិជ្វាធំ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅត្រង់ចំណុចកន្លែងកើតហេតុខាងលើ បាននិយាយប្រាប់ថា គាត់មិនស្រួលខ្លួន គាត់បម្រុងនឹងកោសខ្យល់ឲ្យ តែជនរងគ្រោះមិនព្រម រហូតដល់ថ្ងៃកើតហេតុខាងលើ មិនឃើញជនរងគ្រោះចុះមកក្រោម សង្ស័យ ទើបគាត់ដើរមើលតាមបន្ទប់ជួលនីមួយៗទាំងអស់ ដល់ក្បែរ បន្ទប់កើតហេតុខាងលើ ស្រាប់តែមានធុំក្លិនស្អុយភាយៗចេញមកក្រៅ ពេលនោះគាត់ក៏បានដើរទៅអើតមើល ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ដោយសាកសពមានសភាពហើមស្អុយ បន្ទាប់មក គាត់ក៏បានចុះមកក្រោមវិញ រួចរាយការណ៍ទៅកាន់សមត្ថកិច្ចតែម្ដង។
ក្រោយពីធ្វើការពិនិត្យ និង ធ្វើកោសល្យវិច័យទៅលើសាកសពរបស់ជនរងគ្រោះខាងលើរួចហើយ សមត្ថកិច្ចនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ៕