
កាលពីថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានប្រជាពលរដ្ឋម្នាក់លង់ទឹកស្រះស្លាប់ ដែលមានទីតាំងស្ថិតនៅ ភូមិអូរប្ញស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើយោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ឃុំសាលាក្រៅ។
នគរបាលជំនាញប៉ុស្ថិ៍សាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង៨:២០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលសេចក្តីរាយការណ៍ពីលោកមេភូមិថា មានករណីប្រជាពលរដ្ឋម្នាក់លង់ទឹកស្រះស្លាប់ ឈ្មោះ អ៊ុំ លាប ភេទប្រុស អាយុ៨៤ឆ្នាំ មុខរបរកសិករ មានទីលំនៅរស់នៅ ភូមិអូរប្ញស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកបានបន្ថែមថា កូនប្រសាម្នាក់របស់សពខាងលើ បានឲ្យដឹងថា ឪពុករបស់លោកជាមនុស្សញៀនស្រា តែងតែហូបស្រាជាប្រចាំ និង មានជំងឺវង្វេងផងដែរ។ លោកដើរច្រើន មកដល់ថ្ងៃទី១៧ ខែមីនានេះ ស្រាប់តែឮគេប្រាប់ថា ឪពុករបស់លោកលង់ទឹកស្រះនៅខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ គួរឲ្យអាណិតណាស់។ លោកបានបន្ថែមទៀតថា ក្រោយពីទទួលព័ត៌មានពីលោកមេភូមិភ្លាម កម្លាំងជំនាញ និង លោកគ្រូពេទ្យក៏ចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និង ទៅធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន។
សពខាងលើនេះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅនៅភូមិឃុំកើតហេតុខាងលើ៕
