កាលពីថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ មានករណីអំពើហិង្សារវាងប្តី និង ប្រពន្ធមួយគូនៅក្នុងគ្រួសារមួយបានកើតឡើង បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួស ដែលមានទីតាំងស្ថិតនៅ ភូមិពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់ជនរងគ្រោះ បានទៅជួបជុំជាមួយអ្នកជិតខាង ផឹកស៊ី រាំលេង និង លេងប៉ាតម្សៅយ៉ាងសប្បាយ។ បន្ទាប់មកជនរងគ្រោះបានហៅប្ដីរបស់ខ្លួននៅកន្លែងផឹកស៊ី ឲ្យត្រឡប់ទៅផ្ទះវិញ តែប្ដីមិនព្រមត្រឡប់ទៅផ្ទះវិញនោះទេ ទើបជនរងគ្រោះដើរទៅជេរប្តីរបស់ខ្លួនដល់កន្លែង និង ដៀមដាមជេរទាំងអ្នកផ្សេងទៀត ដែលកំពុងផឹកស៊ីនោះ។ ស្រាប់តែពេលនោះ បុរសម្នាក់បានវាយជនរងគ្រោះ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលដោយសារតែភ័យខ្លាំងពេក។ ខណៈពេលនោះដែរ ប្ដីទ្រាំមិនបាន ក៏ទះជនរងគ្រោះជាប្រពន្ធថែម១ដៃទៀត ធ្វើឲ្យជនរងគ្រោះខឹងប្តីយ៉ាងខ្លាំង ក៏ស្រវាវាយគ្នាទៅវិញទៅមក ផ្អើលដល់អ្នកជិតខាង ក៏បាននាំគ្នាចូលទៅជួយឃាត់ និង បំបែកប្តីប្រពន្ធទាំង២នាក់ ឲ្យចូលផ្ទះ។ ក៏ប៉ុន្តែប្តីមិនព្រមឡើយ ខឹងប្រពន្ធជេរមិនព្រមឈប់ ក៏បានយកដំបងវាយទៅលើប្រពន្ធ បណ្ដាលឲ្យរងរបួសត្រង់ដៃ និង ក្បាលចេញឈាម។
នៅក្នុងហេតុការណ៍ខាងលើនេះ ប្រជាពលរដ្ឋខ្លាចប្ដីវាយស្ត្រីជនរងគ្រោះជាប្រពន្ធស្លាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយធ្វអន្តរាគមរឿងនេះ។ ក្រោយពីទទួលបានព័ត៌មានអំំករណីខាងលើនេះភ្លាម សមត្ថកិច្ចក៏ចុះធ្វើអន្តរាគមន៍ភ្លាមៗ និង បានឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ យកទៅសួរនាំ។
ក្រោយពេលសមត្ថកិច្ចសួរនាំរួចហើយ ជនរងគ្រោះមិនបានប្ដឹងជនបង្កជាប្ដីនោះទេ រួចហើយអនុញ្ញាតឲ្យអ្នកទាំង២នាក់ ត្រឡប់ទៅកាន់ផ្ទះវិញ៕