កាលពីថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ត្រីម្នាក់កំពុងដើរស្ពាយស្បោងអេតចាយ បម្រុងនឹងយកទៅលក់ឲ្យម៉ូយ ស្រាប់តែឈឺពោះឆ្លងទន្លេនៅលើចិញ្ចើមផ្លូវនៅខាងក្រោយផ្សារទំនើបអ៊ីអន១ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈពេលដែលប្តីរបស់ខ្លួន កំពុងតែជាប់នៅក្នុងពន្ធនាគារ។
ស្ត្រីស្ពាយស្បោងអេតចាយខាងលើនេះ សម្រាលបានកូនស្រីម្នាក់ សម្បុរស ទម្ងន់ជិត៣គីឡូក្រាម។ ដោយឃើញស្ថានភាពអាការ:ធ្លាក់ឈាម ស្លេកស្លាំងច្រើនពេក សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានទាក់ទងទៅកាន់រថយន្តសង្រ្គោះ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះទាំង២នាក់ម្តាយ និង កូន។
សូមបញ្ជាក់ផងដែរថា ស្ត្រីឆ្លងទន្លេខាងលើនេះ ពុំបានបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឡើយ ដោយគ្រាន់តែប្រាប់ថា រូបគាត់មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ហើយប្តីរបស់គាត់កំពុងតែជាប់នៅពន្ធនាគារ៕