ព័ត៌មានអន្តរជាតិ

ប្រទេសកាតា៖ កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាមិនទាន់ត្រូវបានសម្រេចនៅឡើយ

ប្រទេសកាតាបាននិយាយថា អ៊ីស្រាអែល និង ក្រុមហាម៉ាស មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្អាកការប្រយុទ្ធគ្នានៅតំបន់ ហ្គាហ្សា ស្ទ្រីប ដែលមានមនុស្សចំនួនជិត៣០,០០០នាក់ត្រូវបានសម្លាប់ឡើយ។

អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា មនុស្សចំនួន៩៦នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងមក នេះ ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ចំនួន២៩,៨៧៨នាក់ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងខែតុលាមក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន បានបង្ហាញក្តីសង្ឃឹមកាលពីថ្ងៃចន្ទថា ការចរចាលើបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយបទឈប់បាញ់នឹងអាចសម្រេចបាននៅថ្ងៃទី៤ ខែមីនា ខាងមុខនេះ។ ប្រទេសកាតាគឺជាអ្នកសម្រុះសម្រួលដ៏សំខាន់នៃកិច្ចព្រមព្រៀងនេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កាតា​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញថា កិច្ច​ព្រម​ព្រៀង​មួយ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ។

ក៏ប៉ុន្តែមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសកាតានឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវបទឈប់បាញ់មួយ ដោយខែដ៏ពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលនឹងចាប់ផ្តើមនៅប្រហែលថ្ងៃទី១០ ខែមីនា ខាងមុខនេះ។ 

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា ក្រុមហាម៉ាសបានទទួលសំណើបទឈប់បាញ់រយៈពេល៤០ថ្ងៃ ប៉ុន្តែនៅតែកំពុងថ្លឹងថ្លែង។ សេចក្តីព្រាងសំណើនេះតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងចំនួន៤០នាក់ រួមទាំងស្ត្រី និង មនុស្សចាស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល៤០០នាក់របស់អ៊ីស្រាអែល៕

ប្រភព៖ NHK, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button