
ប្រទេសកាមេរូនកាលពីថ្ងៃពុធ បានចាប់ផ្តើមចាក់ថ្នាំបង្ការដល់កុមារ និង មនុស្សពេញវ័យ ប្រឆាំងនឹងជំងឺគ្រុនលឿងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃទីក្រុង Douala ដែលជាផ្នែកនៃអន្តរាគមន៍ឆ្លើយតបបង្ការ បន្ទាប់ពីមានការបញ្ជាក់អំពីករណី នៃជំងឺគ្រុនលឿង។
រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ នៃប្រទេសកាមេរូន លោក Manaouda Malachie បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំង នឹងដំណើរការរហូតដល់ថ្ងៃទី៣០ ខែកក្កដា ដោយមិនគិតថ្លៃ នៅក្នុងសង្កាត់សុខភាពទាំង៩ នៃទីក្រុង Douala។
លោក Manaouda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសពីកម្មវិធីចាក់វ៉ាក់សាំងថា “យុទ្ធនាការនេះ កើតឡើងក្នុងពេលជាមួយគ្នា ដែលការស្លាប់ដោយសារតែជំងឺគ្រុនលឿង បានកើនឡើង ត្រូវបានបញ្ជាក់ ចាប់តាំងពីឆ្នាំ២០២៣ នៅក្នុងប្រទេសរបស់យើង។ ស្ថានភាព ដូចដែលបានលើកឡើង បញ្ជាក់ពីការរីករាលដាលនៅតំបន់ជាយទីក្រុង ដែលមានហានិភ័យខ្ពស់ នៃការរីករាលដាលជាអន្តរជាតិ”។
យុទ្ធនាការ នៃការចាក់វ៉ាក់សាំងនេះ ផ្តោតលើកុមារ និង មនុស្សពេញវ័យ ដែលមានអាយុចន្លោះពី៩ខែ ទៅ ៦០ឆ្នាំ លើកលែងតែស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូនក្រោម៩ខែ និង បុគ្គលដែលមានជំងឺធ្ងន់ធ្ងរ។
លោក Manaouda បានបន្ថែមថា “ការចាក់វ៉ាក់សាំងតែមួយដង ផ្តល់ភាពស៊ាំពេញមួយជីវិត”។
ជំងឺគ្រុនលឿង ជាជំងឺបង្កឡើងដោយវីរុស ចម្លងដោយសារមូសខ្លាញីខាំ បង្កការគម្រាមកំហែងដល់សុខភាពសាធារណៈយ៉ាងសំខាន់។ លក្ខណៈសម្គាល់រោគសញ្ញា នៃជំងឺនេះ មានដូចជា គ្រុនក្តៅ ឈឺក្បាល ជំងឺខាន់លឿង ឈឺសាច់ដុំ ចង្អោរ ក្អួត និង អស់កម្លាំង។ ជំងឺនេះ អាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ដោយអ្នកជំងឺប្រហែលពាក់កណ្តាល បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលពី៧ ទៅ ១០ថ្ងៃ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕


