ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃអាទិត្យ

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយុទ្ធសាស្ត្រ Pulhwasal-3-31 ថ្មីបំផុតរបស់ខ្លួនម្តងទៀតចេញពីនាវាមុជទឹកកាលពីចុងសប្តាហ៍  ។

មេដឹកនាំ គីម ជុងអ៊ុន ដែលស្ថិតនៅឯកន្លែងបាញ់នោះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក។

យោងតាមសារព័ត៌មាន Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថ្ងៃចន្ទនេះថាប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា បានបាញ់មីស៊ីលចេញពីនាវាមុជទឹកជាច្រើនគ្រាប់ ហើយបានធ្លាក់ចូលឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដែលមីស៊ីលយុទ្ធសាស្ត្រ Pulhwasal-3-dash-31 ត្រូវបានបាញ់ចេញពីនាវាមុជទឹក ដែលស្ថិតនៅក្រោមការត្រួតពិនិត្យមើលរបស់មេដឹកនាំ គីម ជុងអ៊ុន។ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលនេះជាលើកដំបូង គឺត្រឹមតែបួនថ្ងៃមុនការបាញ់កាលពីថ្ងៃអាទិត្យ។ មីស៊ីលនេះត្រូវបានគេជឿថាមានសមត្ថភាពនុយក្លេអ៊ែរ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានរកឃើញថា មីស៊ីជាច្រើនគ្រាប់ បានបាញ់ចេញនៅម៉ោងប្រហែល៨ព្រឹក ហោះនៅលើទឹកក្បែរទីក្រុងកំពង់ផែ Sinpo ភាគខាងកើត ដែលជាទីតាំងនៃមូលដ្ឋាននាវាមុជទឹកដ៏ធំបំផុតរបស់របបនេះ។

លើកចុងក្រោយដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅជិតទីក្រុងកំពង់ផែ Sinpo គឺនៅក្នុងខែមីនាកាលពីឆ្នាំមុន។ យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ្នកត្រួតពិនិត្យសហរដ្ឋអាមេរិក ដើម្បីតាមដានសញ្ញាបន្ថែមនៃការបង្កហេតុដោយកូរ៉េខាងជើង៕

ប្រភព៖ Arirang, ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button