ព័ត៌មានជាតិ

ប្រទះឃើញសពមនុស្សម្នាក់ អណ្ដែតទឹកកសិន្ទុអង្គរវត្ត

ខេត្តសៀមរាប៖ នៅ ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៤ ប្រទះឃើញ សពមនុស្សម្នាក់អណ្ដែតទឹកកសិន្ទុអង្គរខាងត្បូង ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប រកសាច់ញាតិមិនទាន់ឃើញ ។ សាកសពដែលអណ្ដែតទឹកនោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល ៧០ឆ្នាំ ភិនភាគ កម្ពស់ប្រហែល ១៥៥ សង់ទីម៉ែត្រ មាឌធំ ពាក់អាវក្រហមលាយពណ៌ចម្រុះ អាវដៃខ្លី ស្លៀកខោខ្លីពណ៌ខ្មៅ សម្បុរស សក់ពណ៌ខ្មៅលាយសរតិចៗត្រឹមក ។
នៅកន្លែងកើតហេតុជំនាញបានទទួលការបំភ្លឺប្រហាក់ប្រហែល ពីឈ្មោះ បើយ សល ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិព្រះគោ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប និងឈ្មោះ ម៉ៅ ពិក ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង០០នាទី ខ្ញុំបាទកំពុងអង្គុយលេងនៅលើអង្រឹងមុខតូបលក់ដូរ ដោយអង្គុយបែរមុខទៅទិសខាងលិច ពេលនោះខ្ញុំបាទក៏បានឃើញមានមនុស្សស្រីចំណាស់ម្នាក់អាយុប្រហែល ៦០ឆ្នាំ មានភិនភាគ សម្បុរខ្មៅស្រអែម សក់ពណ៌ខ្មៅលាយសរតិចៗត្រឹមក កម្ពស់ប្រហែល ១៥៥ សង់ទីម៉ែត្រ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅលាយពណ៌ចម្រុះ មិនចាំថាគាត់ស្លៀកខោ ឬ ពាក់ស្បែកជើងពណ៌អ្វីនោះទេ ហើយមានកន្សែងបង់កតូចពណ៌ស រូបគាត់ធ្វើដំណើរដោយថ្មើជើងពីទិសខាងលិចទៅទិសខាងកើតលើថ្មកស្សិណអង្គរតែម្នាក់ឯង ពេលនោះខ្ញុំបាទឃើញមនុស្សស្រីចំណាស់ម្នាក់នោះដើរឈប់ៗ ក្នុងលក្ខណៈអស់កម្លាំង បានបន្តិចខ្ញុំបាទក៏បានឃើញរូបគាត់អង្គុយសម្រាកនៅក្រោមដើមត្នោតលើថ្មកស្សិណអង្គរ រួចគាត់យកកន្សែងជូតមុខ អង្គុយបានប្រហែល ១០នាទី ខ្ញុំបាទក៏ឃើញមនុស្សស្រីម្នាក់នោះ ក្រោកឈរដើរមកអង្គុយនៅខាងជើងទីតាំងចាស់នោះ ប្រហែល ២០ម៉ែត្រ ដោយអង្គុយនៅក្រោមដើមត្នោត អង្គុយលើកសិន្ទុថ្មអង្គរ សណ្ដូកជើង និងបែរមុខទៅទិសខាងជើង បន្ទាប់មកខ្ញុំបាទក៏លែងចាប់អារម្មណ៍លើរូបគាត់ទៀត ។ ខ្ញុំបានឃើញមនុស្សជាច្រើនរត់ឈូរឆរនៅកាន់មាត់កសិន្ទុអង្គរ ពេលនោះខ្ញុំក៏បានរត់ទៅមើលនឹងគេដែរ ខណៈពេលទៅដល់ ស្រាប់តែឃើញសាកសពអណ្ដែតទឹកទៅវិញ ពេលខ្ញុំឃើញភិនភាគសាកសពនោះ គឺដូចនឹងភិនភាគមនុស្សស្រីសំណាស់ម្នាក់ដែលខ្ញុំបានឃើញកាលពីព្រឹកមិញ ។
បំភ្លឺរបស់ឈ្មោះ អ៊ុ បូរិន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់បំភ្លឺថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបាទបានដើរទៅមើលត្រីនៅកសិន្ទុអង្គរខាងត្បូង ជាមួយនឹងឈ្មោះ ខ្មុង (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ខណៈពេលទៅដល់ចំណុចកសិន្ទុអង្គរខាងត្បូង ស្ថិតនៅភូមិក្រវ៉ាន់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ភ្លាមនោះស្រាប់តែឃើញស្បែកជើងចំនួន០១គូ ទុកចោលលើច្រាំងមាត់កសិន្ទុអង្គរ បន្ទាប់មកខ្ញុំបាទក៏បានដើររកមើលតែពុំឃើញ ហើយខ្ញុំបាទបានមើលទៅក្នុងទឹកកសិន្ទុអង្គរក៏ឃើញមានមនុស្សស្លាប់អណ្ដែតទឹក មិនដឹងមនុស្សស្រី ឬ មនុស្សប្រុសនោះទេ ពេលនោះខ្ញុំបាទក៏បានរត់ទៅប្រាប់ឪពុករបស់ខ្ញុំ បន្ទាប់មកឪពុកខ្ញុំបានខលទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក មួយសន្ទុះក្រោយមកក៏ឃើញមានសមត្ថកិច្ចមកដល់ ហើយបានចុះស្រង់សាកសពយកមកដាក់នៅលើគោក ពេលនោះទើបខ្ញុំដឹងថាសាកសពជាមនុស្សស្រីមានអាយុប្រហែល ៦០ឆ្នាំ កម្ពស់ប្រហែល ១៥៥ សង់ទីម៉ែត្រ មាឌធំ ពាក់អាវក្រហមលាយពណ៌ចម្រុះ អាវដៃខ្លី ។
គ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីពេទ្យបង្អែកខេត្តសៀមរាបបញ្ជាក់ថា ស្ត្រីបានស្លាប់ដោយសារ ខ្យល់គ ។ សាកសពត្រូវបានតំកល់ទុកនៅផ្ទះសពក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រងចាំធ្វើការស្រាវជ្រាវ ស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button