ព័ត៌មានជាតិ

ប្រទះឃើញសាកសពទារកម្នាក់ អាយុចន្លោះពី៨ទៅ៩ខែ ត្រូវបានគេយកមកផ្លុងចោលនៅដីឡូត៍មួយកន្លែង

កាលពីយប់ថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកម្នាក់រុំដោយកន្សែងពោះគោ ដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិក ត្រូវបានគេយកមកផ្លុងចោល ដោយជនមិនស្គាល់អត្តសញ្ញាណ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចដីឡូត៍គ្មានលេខមួយកន្លែង ផ្លូវលេខ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានខាងលើរួចហើយ  ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញសាកសពទារក ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ រុំដោយកន្សែងពោះគោ ពណ៌ខៀវ ដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិក ពណ៌ខ្មៅ ប្រាកដមែន។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញណ ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ ក្នុងនោះមានសម្ភារៈបន្សល់ទុក រួមមាន កន្សែងពោះគោពណ៌ខៀវចំនួន០១ កេសក្រដាសចំនួន០១ និង ថង់ផ្លាស្ទិកពណ៍ខ្មៅចំនួន០១។

យោងតាមកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និង លោកឧកញ្ញ៉ា វេជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំញ ក្រោយពីធ្វើការពិនិត្យ និង វិភាគនៅជុំវិញកន្លែងកើតហេតុ និង ធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះរួចហើយ បញ្ជាក់ថា ជនរងគ្រោះបានស្លាប់នៅក្នុងផ្ទៃម្តាយមុនពេលសម្រាល។

សពជនរងគ្រោះត្រូវបានអាជ្ញាធររៀបចំបញ្ចុះនៅវត្តសំបួរមាស ដែលមានទីតាំងស្ថិត​នៅ ​ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ

Back to top button