ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្ត្រីវ័យចំណាស់ម្នាក់អណ្ដែតទឹកនៅ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ

កាលពីយប់ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីវ័យចំណាស់ម្នាក់  អណ្ដែតទឹកនៅមាត់ច្រាំងទន្លេ ដែលមានទីតាំងស្ថិតនៅ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុនពេលប្រទះឃើញសាកសពអណ្តែតទឹកខាងលើ ប្រជាពលរដ្ឋបានទៅដាក់មង និង បង់សំណាញ់នៅក្បែរច្រាំងទន្លេនោះដូចសព្វមួយដង។ នៅយប់នោះ ពេលកំពុងតែឆួលពិលរកត្រី ក៏ស្រាប់តែប្រទះឃើញសាកសពអណ្តែតទឹកមួយ។ ស្ត្រីជាប្រពន្ធក៏បានប្រាប់ប្ដីរបស់ខ្លួន ឱ្យជិះទូកទៅជិតសព ដើម្បីពិនិត្យមើលឱ្យបានឃើញច្បាស់។ ក្រោយពេលទៅជិតសាកសព ក៏បានឃើញថា សាកសពនោះគឺជាស្ត្រីវ័យចំណាស់ ពាក់វែនតា អាវពណ៌ខៀវលាយសខ្មៅមានផ្កា ខោពណ៌ខ្មៅ ស្រោមជើងខ្លីពណ៌ខ្មៅ ព្រមទាំងមានក្រមាពណ៌បៃតងលាយសចងក្រវាត់ចង្កេះផង។ បន្ទាប់មកក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ហើយក៏នាំគ្នាយកសាកសពនោះឡើងមកលើគោកដោយដាក់នៅលើកន្ទេលក្បែរច្រាំងទន្លេ។ នៅពេលសមត្ថកិច្ចមកដល់ ប្រជាពលរដ្ឋ ក៏បានប្រគល់សាកសពនោះ ជូនសមត្ថកិច្ចដើម្បីធ្វើកោសល្យវិច្ឆ័យតាមជំនាញ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ និង ធ្វើកោសល្យវិច្ឆ័យរួចហើយ បានអះអាងថា ស្ត្រីចំណាស់ខាងលើបានស្លាប់ដោយសារតែលង់ទឹក។

សពស្ត្រីចំណាស់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅ វត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក ដែលមានទីតាំងស្ថិតនៅ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button