ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិកសង្ឃឹមថា បទឈប់បាញ់នៅតំបន់ហ្គាហ្សានឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ

ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន បាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ នឹងចាប់ផ្តើមនៅដើមថ្ងៃចន្ទ។

លោក ប៉ៃឌិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ញូវ យ៉ក នៅពីថ្ងៃចន្ទថា “ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំប្រាប់ខ្ញុំថា យើងជិតហើយ” ។ លោក​បាន​បន្ថែម​ថា ទោះ​បី​ជា​ការ​ចរចា​មិន​ទាន់​បាន​សម្រេច​ក៏​ដោយ «ក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ យើង​នឹង​មាន​បទ​ឈប់​បាញ់មួយ»។

អ៊ីស្រាអែលតាមសេចក្តីរាយការណ៍បានយល់ព្រមក្នុងអំឡុងពេលកិច្ចចរចាចុងសប្តាហ៍ជាមួយសហរដ្ឋអាមេរិក និង អ្នកសម្រុះសម្រួលផ្សេងទៀតនៅទីក្រុងប៉ារីសលើសំណើសម្រាប់ការផ្អាករយៈពេលប្រាំមួយសប្តាហ៍ក្នុងការប្រយុទ្ធ។ ផែនការ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​លក្ខខណ្ឌ​លើ​ការ​ដោះលែង​ចំណាប់ខ្មាំង​ប្រហែល៤០នាក់​ ដែល​ឃុំខ្លួន​នៅតំបន់​ហ្គាហ្សា។

កាសែត Haaretz របស់អ៊ីស្រាអែលនិយាយថា គណៈប្រតិភូអ៊ីស្រាអែលបានមកដល់ប្រទេសកាតាកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាបន្ថែម។

ទោះជាយ៉ាងនេះក្តី ភាពមិនប្រាកដប្រជានៅតែមាននៅលើថាតើកិច្ចព្រមព្រៀងមួយអាចត្រូវបានបញ្ចប់។ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ  បាន​ច្រានចោល​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពេញលេញរបស់ក្រុមហាម៉ាស់៕

ប្រភព៖ NHK, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button