ព័ត៌មានជាតិ

ប្រហិតចម្រុះខុសច្បាប់ ចំនួន ២តោន ត្រូវបានបង្ក្រាប និង ដុតបំផ្លាញចោល

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ក្រាបរថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកប្រហិតចម្រុះចំនួន២តោន គ្មានសុវត្ថិភាព និង មិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនប្រទេសថៃ។

ប្រតិបត្តិការនៃការចុះបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង លោកវរសេនីយ៍ ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែងក្នុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីបង្ក្រាបបានករណីខាងលើនេះរួចហើយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានប្រគល់រថយន្ត និង ប្រហិតចម្រុះខាងលើនេះ ជូនដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button