ព័ត៌មានជាតិ

ព្រះធម្មវនវាសី ចន្ទ មុន្នី ថ្វាយបច្ច័យកសាង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាចំនួន ១២,៥០០$

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ បានព្រះរាជានុញ្ញាតទទួលការចូលបង្គំគាល់សម្តែងការគួរសម ពីព្រះអង្គ ចន្ទ មុន្នី អមដំណើរដោយថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ក្នុងឱកាសនៃការចូលបង្គំគាល់សម្តែងការគួរសមនេះ សម្តេចជាអម្ចាស់ បានយាងដំណើរព្រះអង្គចន្ទ មុន្នី ទស្សនកិច្ច និងមានព្រះរាជបន្ទូលសំណេះសំណាលពីវឌ្ឍនភាពរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ទន្ទឹមនេះ ព្រះអង្គ ចន្ទ មុន្នី បានសម្តែងការកោតសរសើរ និងសាទរពីភាពជោគជ័យ ដែលកើតចេញពីការយកព្រះទ័យទុកដាក់ ខិតខំអភិវឌ្ឍរបស់សម្តេចជាអម្ចាស់ រួមទាំង មានសទ្ធាជ្រះថ្លា ថ្វាយបច្ច័យកសាងចំនួន ១០,០០០$ បន្តការអភិវឌ្ឍន៍សាកលវិទ្យាល័យនិងបច្ច័យទិញកៅអីសិក្សាចំនួន ២,៥០០$ សម្រាប់ទិញកៅអីនិស្សិតអង្គុយសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលកំពុងមានការខ្វះខាតផងនោះដែរ។

ជាកិច្ចបញ្ចប់ សម្តេចជាអម្ចាស់ និងថ្នាក់ដឹកនាំ បានយាង និងនិមន្ត ព្រះធម្មវនវាសី ចន្ទ មុន្នី ទស្សនកិច្ចតាមបន្ទប់សិក្សាថ្នាក់បណ្ឌិត ការិយាល័យ និងបណ្ណាល័យពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា និងថតរូបអនុស្សាវរីយ៍ ក្នុងបរិយាកាសយ៉ាងរីករាយ ស្និតស្នាល និងជ្រះថ្លាបំផុត។

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button