អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបាននិយាយថា ទាហានអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលជាង១០០នាក់ ដែលកំពុងរង់ចាំជំនួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ការសម្លាប់នេះកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់ប៉ាឡេស្ទីនបានកើនឡើងលើសពី៣០,០០០នាក់ ចាប់តាំងពីខែតុលាមក។
មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា “ជីវិតអស់បណ្តើរៗចេញពីតំបន់ហ្គាហ្សា” ក្នុងល្បឿនដ៏គួរឱ្យភ័យខ្លាច។ ពួកគេបានឃើញឧទាហរណ៍មួយទៀតនៃរឿងនោះ នៅពេលដែលជនស៊ីវិលបានប្រមូលផ្តុំគ្នាជុំវិញរថយន្តជំនួយ ដែលផ្តល់អាហារ និង ទឹក។ មន្ត្រីក្នុងតំបន់បាននិយាយថា ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារ ដោយសម្លាប់មនុស្ស១១២នាក់ និង របួស៧៦០នាក់។ មេដឹកនាំក្រុមហាម៉ាស់ពិពណ៌នាថា វាជាការសម្លាប់រង្គាលមួយ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Avi Hyman បានហៅអ្វីដែលបានកើតឡើងថា ជា “សោកនាដកម្ម” ប៉ុន្តែបានអះអាងថា អ្នកបើកបររថយន្តដឹកទំនិញ គឺជាអ្នកទទួលខុសត្រូវ។
លោក Hyman បាននិយាយថា “រថយន្តដឹកទំនិញបានកំន្ទិច។ ហើយមនុស្សដែលបើកឡានដឹកទំនិញ គឺជាជនស៊ីវិលអ្នកស្រុកតំបន់ហ្គាហ្សា បានបើកចូលទៅក្នុងហ្វូងមនុស្ស” ។
មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ពួកគេមិនដឹងថា មានអ្វីបានកើតឡើងនោះទេ ប៉ុន្តែគ្រោះថ្នាក់នេះ បង្ហាញពីភាពវឹកវរ ដែលពួកគេកំពុងធ្វើការ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា “មនុស្សទាំងនេះបានស្លាប់ដោយសារតែជំនួយមនុស្សធម៌ មិនត្រូវបានផ្តល់ឱ្យដោយសុវត្ថិភាព” ។
ក្រុមអ្នកចរចាបាននឹងកំពុងជំរុញឱ្យមានបទឈប់បាញ់មួយ មុនពេលចាប់ផ្តើមខែដ៏វិសុទ្ធរបស់មូស្លីមនៃថ្ងៃបុណ្យរ៉ាម៉ាដាន ដែលខិតជិតមកដល់ចុងសប្តាហ៍ក្រោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន បាននិយាយថា លោកសង្ឃឹមថា នឹងមានបទឈប់បាញ់មួយនៅថ្ងៃចន្ទ។ ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលញនេះ លោកបានផ្លាស់ប្តូរនៅក្នុងសេចក្តីថ្លែងការណ៍នោះវិញ ដោយទទួលស្គាល់ថា គ្រោះថ្នាក់នេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការនៃកិច្ចចរចារស្វងរកន្តិភាព៕
ប្រភព៖ NHK, ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤