
អ្នកនាំពាក្យសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) លោកស្រី Nebal Farsak បានសម្តែងការព្រួយបារម្ភអំពីការផ្លាស់ទីលំនៅជាបន្តបន្ទាប់របស់មនុស្សជិតពីរលាននាក់នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប នេះយោងតាមទីភ្នាក់ងារសារព័ត៌មានទីភ្នាក់ងារព័ត៌មាន IRNA របស់ប្រទេសអ៊ីរ៉ង់ ដែលបានចុះផ្សាយនៅ ព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះ។
លោកស្រី Nebal Farsak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងអ៊ិច (X) ថា គ្មានកន្លែងណាមួយនៅក្នុងតំបន់ហ្គាហ្សា មានសុវត្ថិភាពនោះទេ គ្មានផ្លូវសម្រាប់មនុស្សចាកចេញទេ សូម្បីតែអ្នកដែលឈឺ ឬ រងរបួស។
លោកស្រីបាននិយាយថា គ្រួសារនៅតែពឹងផ្អែកលើជំនួយមិនគ្រប់គ្រាន់ ចំពេលដែលមានការខ្វះខាតអាហារ និង ទឹក និង ដោយសារតែហានិភ័យសុខភាពកើនឡើងដោយសារតែភាពចង្អៀតណែនណាន់តាន់តាប់។
លោកស្រីបានបន្ថែមទៀតថា សកម្មភាពអន្តរជាតិជាបន្ទាន់គឺចាំបាច់។
ក្នុងរឿងនេះ អ្នកនាំពាក្យកាកបាទក្រហមប្រចាំតំបន់ហ្គាហ្សា ក៏បានអំពាវនាវឱ្យមានការអន្តរាគមន៍ជាបន្ទាន់ពីអន្តរជាតិ ដើម្បីផ្តល់ថ្នាំ និង អាហារដល់តំបន់ប្រជាជនដែលរស់នៅក្នុងតំបន់ហ្គាហ្សា។
លោកបាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វាហ៍ (Rafah) បានបណ្តាលឱ្យមានការថយចុះនៃចំនួនមនុស្ស ដែលទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការវេជ្ជសាស្រ្ត និង អាហាររបស់យើង។
អ្នកនាំពាក្យកាកបាទក្រហមបានបន្តទៀតថា គោលដៅរបស់យើងគឺគាំទ្រមន្ទីរពេទ្យ និង ប្រភពស្បៀងអាហារនៅក្នុងតំបន់ហ្គាហ្សា ដោយបន្ថែមទៀតថា ប្រជាជននៅក្នុងតំបន់ហ្គាហ្សា កំពុងជាប់គាំងក្នុងការផ្លាស់ទីកន្លែងនៅឥតឈប់ឈរដោយសារសង្គ្រាមរបស់អ៊ីស្រាអែល៕



