ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ និងមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ស្រាល គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២៩និងលេខ១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ស្ត្រីជាមន្ត្រីនគរបាលម្នាក់ និងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាផ្អើលដល់អ្នកធ្វើដំណើរ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ដូង រតនា ភេទស្រី អាយុ៣៨ ឆ្នាំ មុខរបរនគរបាល រស់នៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បើកម៉ូតូម៉ាកហុងដា ស្កូពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង ១H ១៦៦០ខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ចែ សុភត្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ អ្នករួមដំណើរឈ្មោះស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះឡឹក សំអន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ដោយអ្នកទាំង៣រស់នៅភូមិ ឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JV-៩០៩៨។
មុនកើតហេតុមានស្ត្រីម្នាក់ជាមន្ត្រីនគរបាលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង ១H-១៦៦០ លើផ្លូវជាតិ លេខ១ ក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JV- ៩០៩៨ជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើតក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។

អ្នករបួសធ្ងន់និងស្រាលត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button