ភ្នំពេញ៖ នៅវេលា រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ មន្ត្រីសមត្ថកិច្ចម្នាក់បានស្លាប់ ខណៈចុះបង្រ្កាបបទល្មើសគ្រឿងញៀន ក៏ត្រូវជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបានប្រេីកាំបិតចាក់ និងបាញ់ប្រហារតដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យជាជនញៀនថ្នាំញៀនម្នាក់ បានប្រេីកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បន្ទាប់ពីកម្លាំងមូលដ្ឋាន នៃអធិការដ្ឋានខណ្ឌបឹងកេងកង បានទទួលព័ត៍មានភ្លាម ក៏ចុះអន្តរាគមន៍ស្រាប់តែជនសង្ស័យបានដេញចាក់សមត្ថកិច្ចនិងដណ្តើមបានកាំភ្លើងពីសមត្ថកិច្ចក៏បានបាញ់ស្រោចទៅកងកម្លាំងសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ធ្ងរ ។ ជាក់ស្ដែងក្នុងស្ថានភាពកាន់តែតាន់តឹងសមត្ថកិច្ចបានសម្រេចបាញ់តដៃដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ សៅ រក្សា ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីតួនាទីអនុសេនីយ៍ទោ នៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង២។ រីឯសពជនសង្ស័យមានឈ្មោះ ផល ភេទប្រុស អាយុ២០ជាង ជាមនុស្សញៀនថ្នាំ។
គួរបញ្ជាក់ថា ជនរងគ្រោះត្រូវបានស្លាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកសពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពិនិត្យជាក់ស្តែងនិងបន្តទៅតាមនិវិធីច្បាប់៕