ព័ត៌មានជាតិ

មុខសញ្ញារក្សាទុកនិងចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក​សង្កែ​និងស្រុក​ឯកភ្នំបង្រាបបាន 

កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ និង អធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបង្ក្រាបករណីរ ក្សាទុក​ ចែកចាយ​ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ បានចំនួន២ករណីដាច់ដោយឡែកពីគ្នា​ ដែលមានទីតាំងស្ថិតនៅ ស្រុកសង្កែ​ និង ខេត្តបាត់ដំបង​។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។ 

ប្រតិបត្តិការលើកទី១ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុក​សង្កែបង្ក្រាប បានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១. ឈ្មោះ តុល​ មាលា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​ និង ទី២. ឈ្មោះ ភេត​ សុភក្ត្រ័​ ហៅ​ចយ​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង នៅវេលាម៉ោង ១០:៤០នាទីយប់ ត្រង់ចំណុច ភូមិនរា២ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​​។ វត្ថុតាងដែលដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១ថង់,  សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, បារីម៉ាក​ GOLD SEAL ចំនួន១កញ្ចប់, ទូរសព្ទ័ដៃចំនួន១គ្រឿង និង  ម៉ូតូម៉ាក ហុងដា ​ឌ្រីម​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០០៧​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1A-6660 ចំនួន១គ្រឿង​។

ប្រតិបត្តិការលើកទី២ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុក​ឯកភ្នំ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ វ៉ន ប៊ុនទិត្យ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិព្រែកឆ្តោរ  ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅវេលាម៉ោង ៤:០០នាទីល្ងាច នៅត្រង់ចំណុច ភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន២ថង់,  សម្ភារ:សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន និង ទូរស័ព្ទដៃចំនួន១គ្រឿង។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់ខាងលើនេះ កំពុងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក​សង្កែ​ និងស្រុក​ឯកភ្នំ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button