(ព័ត៌មានបឋម)៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ យុវជនពីរក្រុមដែលម្ខាងៗមានគ្នា២នាក់ បានវាយកាប់ចាក់គ្នាយ៉ាងសាហាវដូចនៅក្នុងខ្សែភាពយន្តចិនហុងកុងនោះ បណ្តាលឱ្យរងបួសទាងសងខាង ដោយអ្នកខ្លះរងបួសបែកក្បាល និង អ្នកខ្លះទៀតរងបួសដៃ ហូរឈាមជោគពេញខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងហាងស្រាក្រឡុកមួយកន្លែងនៅតាមបណ្តោយ មហាវិថីឈ្នះឈ្នះ ផ្លូវអូដឹមកប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ យុវជនមួយក្រុមបានជិះរថយន្ត PRUS ១គ្រឿង មានគ្នា២នាក់ និង យុវជនមួយក្រុមទៀត បានជិះម៉ូត ១គ្រឿង មានគ្នា២នាក់ ចូលទៅផឹកស៊ីនៅទីតាំងខាងលើពេញមួយយប់ទល់ភ្លឺ ចាប់តាំងពីយប់ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ រហូតទល់ភ្លឺដល់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ក៏នៅមិនទាន់ឈប់ផឹក ក៏ព្រោះតែស្រស្រលាញ់នារីបម្រើការនៅក្នុងហាងស្រាក្រឡុកនោះ។ ដើម្បីដណ្តើមនាងយកមកធ្វើជាគូរស្នេហ៍រៀងៗខ្លួន ក៏បានក្លាយទៅជាទំនាស់ពាក្យសម្តីតឹងសរសៃដាក់គ្នា ហើយក៏បានវាយកាប់កាក់គ្នាតែម្តងទៅ។
ក្រោយពេលកើតហេតុ កម្លាំងនរគបាលប៉ុតស្តិ៍ត្រពាំងក្រសាំងក៏បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានឃាត់ខ្លួនយុវជនទាំងពីរក្រុមខាងលើ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់។ ជំណែកឯនារីបម្រើការងារចំនួន៣នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ ក៏ត្រូវបានសាកសួរពីដំណើរដើមទងនៃរឿងនេះផងដែរ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងហេតុការណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕