ព័ត៌មានជាតិ

យុវជន២នាក់ គេចពីក្មេងស្ទាវជិះម៉ូតូដេញកាប់ពីក្រោយ ជ្រុលចង្កូតម៉ូតូទៅបុកឃឿនផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ម្នាក់ និង រងរបួសធ្ងន់ម្នាក់នៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

កាលពីវេលាម៉ោង៣:១៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ យុវជន២នាក់ ត្រូវបានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញកាប់ពីក្រោយ ភ័យខ្លាំងពេក ជិះម៉ូតូរត់គេចខ្លួន ជ្រុលចង្កូតម៉ូតូទៅជាមួយនឹងបុកឃឿនផ្លូវ បណ្តាលឲ្យដួលម៉ូតូ បោកក្បាលស្លាប់ម្នាក់ និង រងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រោះ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមិត្តភ័ក្កិរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួន និង បុរសរងគ្រោះខាងលើ បានជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1V-1967 ចំនួន១គ្រឿង ឌុបគ្នាចេញពីក្លឹបកម្សាន្តមួយកន្លែងនៅម្តុំផ្លូវវ៉េងស្រេង ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ចេញពីក្លឹបមិនទាន់បានប៉ុន្មានផង ស្រាប់តែមានក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវ និង កាំបិត បានជិះដេញកាប់តាមពីក្រោយ ធ្វើឲ្យខ្លួន និង មិត្តភក្កិ ជិះរត់គេចខ្លួនរហូតដល់បណ្តោយផ្លូវវិមានឈ្នះឈ្នះ ក៏បានដួលម៉ូតូ ជ្រុសបុកខឿនផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ នឹង រងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទីតាំងកន្លែងកើតហេតុ ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ។ សមត្ថកិច្ចជំនាញចុះទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុ និង យកម៉ូតូទៅរក្សាទុក។ ចំណែកសាកសពរបស់ជនរងគ្រោះវិញ ត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំទាក់ទងទៅសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button