ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ១លាន៥សែននាក់ (TVET 1.5M) របស់រដ្ឋាភិបាល បាននិងកំពុងដំណើរការ ដោយផ្ដល់ឱកាសរៀនសូត្រដល់ប្រជាជនជាច្រើននាក់។ សម្រាប់ប្រជាជន ដែលមកពីគ្រួសារក្រីក្រ និងជាពិសេេសប្រជាជនដែលមិនទទួលបានឱកាសរៀនសូត្រចប់ចុងចប់ដើម ការបណ្ដុះបណ្ដាលជំនាញនេះគឺហាក់ដូចជាពន្លឺជីវិតថ្មីសម្រាប់ពួកគេ។
ជាពន្លឺជីវិតថ្មីព្រោះ ពួកគេអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ដោយមិនតម្រូវឱ្យបង់ប្រាក់ រីឯគ្រួសារមកមានបណ្ណសមធម៌ ក៏នឹងទទួលបានការឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលទៀតផង។
ចេញពីគ្រួសារដែលមានជីវភាពមិនសូវធូរធា យុវតី សៅ យ៉ារ៉េត បានបង្ខំចិត្តបោះបង់ចោលការសិ ក្សាតាំងតែពីវ័យក្មេង។ ដោយមិនបានបញ្ចប់ការសិក្សារៀនសូត្របែបនេះ កញ្ញាត្រូវបំពេញការងារ ដោយប្រើប្រាស់តែកម្លាំងពលកម្ម ជាហេតុធ្វើឱ្យយុវតីរូបនេះមានការព្រួយបារម្ភអំពីអនាគតរបស់ខ្លួន។
ប៉ុន្តែយ៉ាងណា បច្ចុប្បន្ននេះ យុវតី សៅ យ៉ារ៉េត បានទទួលឱកាសចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ លើជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ។
យុវតីរូបនេះ បានរៀបរាប់ទាំងរំភើបចិត្តថា ខ្លួនមិននឹកស្មានថានៅតែអាចចូលរៀនជំនាញថ្មីបាននោះ ទេ ព្រោះខ្លួនបានបោះបង់ចោលការសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
កញ្ញាបានរៀបរាប់ទៀតថា៖ «ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។ហើយខ្ញុំសង្ឃឹមថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។»
ចេញពីបទពិសោធន៍ដោយខ្លួនឯងផ្ទាល់ យុវតីរូបនេះបានណែនាំដល់ប្រជាជនផ្សេងទៀតដែលមិន មានលទ្ធភាពក្នុងការបន្តការសិក្សា ឱ្យទៅចុះឈ្មោះចូលរៀនជំនាញផ្សេងៗ ទៅតាមចំណង់ចំណូល
ចិត្តរបស់ខ្លួន និងនៅតាមទីតាំងដែលខ្លួនរស់នៅរៀងខ្លួន ព្រោះការបណ្ដុះបណ្ដាលនេះធ្វើឡើងនៅ តាមវិទ្យាស្ថានបណ្ដុះបណ្ដាលនៅទូទាំងប្រទេសតែម្ដង។
កញ្ញាបន្ថែមថា កុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀនមានវិធីសាស្ត្រពន្យល់ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូងដូចៗគ្នា។
បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏មិនត្រូវនៅស្ងៀមដែរ គួរតែធ្វើការអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានចំណេះជំនាញមួយពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារបាននៅគ្រប់ទីកន្លែង៕