បច្ចេកវិទ្យា

យុវតី សៅ យ៉ារ៉េត៖ កម្មវិធីបណ្ដុះបណ្ដាលជំនាញជាពន្លឺជីវិតថ្មី ក្រោយបោះបង់ការសិក្សាតាំងពីក្មេង

ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ១លាន៥សែននាក់ (TVET 1.5M) របស់រដ្ឋាភិបាល បាននិងកំពុងដំណើរការ ដោយផ្ដល់ឱកាសរៀនសូត្រដល់ប្រជាជនជាច្រើននាក់។ សម្រាប់ប្រជាជន ដែលមកពីគ្រួសារក្រីក្រ និងជាពិសេេសប្រជាជនដែលមិនទទួលបានឱកាសរៀនសូត្រចប់ចុងចប់​ដើម ការបណ្ដុះបណ្ដាលជំនាញនេះគឺហាក់ដូចជាពន្លឺជីវិតថ្មីសម្រាប់ពួកគេ។

ជាពន្លឺជីវិតថ្មីព្រោះ ពួកគេអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ដោយមិនតម្រូវឱ្យបង់ប្រាក់ រីឯគ្រួសារមកមានបណ្ណសមធម៌ ក៏នឹងទទួលបានការឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលទៀតផង។

ចេញពីគ្រួសារដែលមានជីវភាពមិនសូវធូរធា យុវតី សៅ យ៉ារ៉េត បានបង្ខំចិត្តបោះបង់ចោលការសិ ក្សាតាំងតែពីវ័យក្មេង។ ដោយមិនបានបញ្ចប់ការសិក្សារៀនសូត្របែបនេះ កញ្ញាត្រូវបំពេញការងារ ដោយប្រើប្រាស់តែកម្លាំងពលកម្ម ជាហេតុធ្វើឱ្យយុវតីរូបនេះមានការព្រួយបារម្ភអំពីអនាគតរបស់ខ្លួន។

ប៉ុន្តែយ៉ាងណា បច្ចុប្បន្ននេះ យុវតី សៅ យ៉ារ៉េត បានទទួលឱកាសចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ លើជំនាញរចនាក្រាហ្វិក​ដោយកុំព្យទ័រ។

យុវតីរូបនេះ បានរៀបរាប់ទាំងរំភើបចិត្តថា ខ្លួនមិននឹកស្មានថានៅតែអាចចូលរៀនជំនាញថ្មីបាននោះ ទេ ព្រោះខ្លួនបានបោះបង់ចោលការសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 

កញ្ញាបានរៀបរាប់ទៀតថា៖ «ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើង​ឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។​ហើយខ្ញុំសង្ឃឹ​ម​ថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។»

ចេញពីបទពិសោធន៍ដោយខ្លួនឯងផ្ទាល់ យុវតីរូបនេះបានណែនាំដល់ប្រជាជនផ្សេងទៀតដែលមិន មានលទ្ធភាពក្នុងការបន្តការសិក្សា ឱ្យទៅចុះឈ្មោះចូលរៀនជំនាញផ្សេងៗ ទៅតាមចំណង់ចំណូល 

ចិត្តរបស់ខ្លួន និងនៅតាមទីតាំងដែលខ្លួនរស់នៅរៀងខ្លួន ព្រោះការបណ្ដុះបណ្ដាលនេះធ្វើឡើងនៅ តាមវិទ្យាស្ថានបណ្ដុះបណ្ដាលនៅទូទាំងប្រទេសតែម្ដង។

កញ្ញាបន្ថែមថា កុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀនមាន​វិធីសាស្ត្រ​ពន្យល់ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូងដូចៗគ្នា។ 

បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិកំពុងតែមានការ​អភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏មិនត្រូវនៅស្ងៀមដែរ គួរតែធ្វើការ​អភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានចំណេះជំនាញ​មួយពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារបាននៅគ្រប់ទីកន្លែង៕

អត្ថបទពាក់ព័ន្ធ

Back to top button