
កាលពីវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ យុវជនម្នាក់បើកម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ចំនួន១គ្រឿង ដឹកយុវជនម្នាក់នៅពីក្រោយ ក្នុងល្បឿនលឿន ងងុយដេកពេក ងោកមួយភាំង ជ្រុលទៅបុកឡើងខឿនរង្វង់មូល បោកផ្ទប់នឹងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ចំណែកឯម៉ូតូរងការខូចខាត ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសចោមចៅ ផ្លូវ៦០ម៉ែត្រ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-8805 បើកបរដោយឈ្មោះ ឡុង កក្កដា ភេទប្រុស អាយុ២២ឆ្នាំ ដែលមានទីលំស្ថិតនៅ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈរ ខេត្តកំពត ដឹកឈ្មោះ វុធ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ដែលមានទីលំស្ថិតនៅ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកន្លែងកើតហេតុខាងលើ សង្ស័យងងុយដេក ជ្រុលទៅបុកឡើងខឿនរង្វង់មូល បោកផ្ទប់នឹងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យអ្នកបើកម៉ូតូ រងរបួសបាក់ជើង ចំណែកឯអ្នកជិះពីក្រោយ ផ្លោងហោះបុកស្លាកសញ្ញា បែកមាត់បាក់ធ្មេញ ចំណែកឯម៉ូតូបាក់ខ្ទេចមួយកំណាត់ផ្នែកខាងមុខ។
ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឱ្យដឹងថា ពួកគាត់ទាំង២នាក់ធ្វើដំណើរមកពីខេត្តកំពត ដល់ត្រង់ចំណុចកើតហេតុខាងលើ ងងុយដេកពេក ងោកមួយភាំង ស្រាប់តែជ្រុលបុកខឿនរង្វង់មូលតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើនេះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្រោះ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
