ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឱ្យក្រុមហាម៉ាស់ ទទួលយកបទឈប់បាញ់ចំពេលមានវិបត្តិមនុស្សធម៌កាន់តែខ្លាំង

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឱ្យក្រុមហាម៉ាស់ ទទួលយកបទឈប់បាញ់ជាបន្ទាន់មួយ ខណៈពេលការចរចារវាងអ៊ីស្រាអែល និង ក្រុមអ៊ីស្លាម ត្រូវបានជាប់គាំងក្នុងភាពទាល់ច្រក។

លោក Blinken បាននិយាយថា “វាគឺស្ថិតនៅលើក្រុមហាម៉ាស ដើម្បីធ្វើការសម្រេចចិត្តថាតើវាត្រូវបានរៀបចំ ដើម្បីចូលរួមក្នុងបទឈប់បាញ់ដែរឬទេ”។

លោក​បាន​ថ្លែង​យ៉ាងដូច្នេះ​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កាតា និង​ រដ្ឋមន្ត្រី​ការបរទេស ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ។

លោក Blinken ក៏បាននិយាយផងដែរថា “យើងមានឱកាសមួយសម្រាប់បទឈប់បាញ់ភ្លាមៗ ដែលអាចនាំយកចំណាប់ខ្មាំងវិលត្រឡប់មកផ្ទះវិញ ដែលអាចបង្កើនចំនួនជំនួយមនុស្សធម៌យ៉ាងខ្លាំងដល់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវការវាយ៉ាងខ្លាំង ហើយក៏អាចកំណត់លក្ខខណ្ឌសម្រាប់ដំណោះស្រាយយូរអង្វែងផងដែរ។”

ការ​ចរចា​រវាង​អ៊ីស្រាអែល និង​ ក្រុម​ហាម៉ាស ​កំពុង​បន្ត​មិន​ឈប់​ឈរ​លើបទ​ឈប់​បាញ់ និង​ ការ​ដោះលែង​ចំណាប់ខ្មាំង។

ក្រុមមន្ត្រីមកពីក្រុមហាម៉ាស់បានមកដល់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយកំពុងជួបជាមួយគណៈប្រតិភូនៃប្រទេសកាតា អេហ្ស៊ីប និង សហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស់ ដែលនិយាយកាលពីថ្ងៃអង្គារថា “គណៈប្រតិភូនឹងបន្តនៅទីក្រុងគែរនៅថ្ងៃអង្គារសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត ពួកគេត្រូវបានរំពឹងថា នឹងបញ្ចប់ការប្រជុំនេះ នៅពេលក្រោយនៅថ្ងៃនេះ”។

អ៊ីស្រាអែល និង អ្នកសម្រុះសម្រួលតាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាលើសំណើសម្រាប់ការផ្អាកប្រហែលប្រាំមួយសប្តាហ៍ក្នុងការប្រយុទ្ធ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់បានចាប់។

ប៉ុន្តែក្រុមហាម៉ាស់បានប្រកាន់ខ្ជាប់នូវការទាមទារឱ្យមានបទឈប់បាញ់ពេញលេញ ដោយបន្សល់ទុកនូវភាពជាប់គាំងរវាងភាគីជម្លោះទាំងពីរ។

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា នៅតំបន់ហ្គាហ្សាភាគខាងជើង កុមារម្នាក់ក្នុងចំណោមប្រាំមួយនាក់ដែលមានអាយុក្រោម២ឆ្នាំ ត្រូវបានខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប ង្ហាញទារកម្នាក់នៅលើគ្រែ ស្ថិតនៅក្រោមការព្យាបាល ហើយបុគ្គលិកពេទ្យកំពុងមើលថែទាំទារកនៅក្នុងកែវចិញ្ចឹម ខណៈដែលសំឡេងរោទិ៍ពីឧបករណ៍វេជ្ជសាស្ត្រ។ បន្ទប់ប្រែជាងងឹតនៅពេលដាច់ចរន្តអគ្គិសនី។

វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ កំពុងកាន់តែជ្រៅនៅតំបន់ហ្គាហ្សាភាគខាងជើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលការប្រយុទ្ធគ្នា និង ប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែល កំពុងធ្វើឱ្យមានការលំបាកសម្រាប់រថយន្តដឹករបស់របរជំនួយឆ្លងកាត់៕

ប្រភព៖ NHK, ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button