ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ឬ TVET ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ចូលជាកិច្ចការអាទិភាព មួយដែលចាំបាច់ត្រូវជំរុញ។ ក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ឱកាសបណ្ដុះបណ្ដាលដោយឥតគិត ថ្លៃចំនួន ១លាន៥សែនកន្លែង ដោយផ្ដោតជាពិសេសសម្រាប់អ្នកមកពីគ្រួសារងាយរងហានិភ័យ។
ប៉ុន្តែយ៉ាងណា កម្មវិធីបណ្ដុះបណ្ដាលជំនាញ១លាន៥សែននាក់នេះ មិនសម្រាប់តែអ្នកមកពីគ្រួសារ ងាយរងហានិភ័យតែមួយនោះទេ ពោលគឺកម្មវិធីនេះបើកទូលាយសម្រាប់អ្នកដែលចង់អភិវឌ្ឍន៍ សមត្ថិភាពរបស់ខ្លួនតែម្ដង។
ថ្លែងនៅក្នុងពិធីបិទ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីបណ្ដុះ បណ្ដាលជំនាញនេះ មិនមែនសម្រាប់តែកម្មករ និយោជិត ជាបុគ្គលិកបម្រើការប៉ុណ្ណោះទេ តែក៏សម្រាប់ម្ចាស់រោងចក្រ សហគ្រាសផ្ទាល់ផងដែរ។
ឯកឧត្តមបានថ្លែងឱ្យដឹងទៀតថា៖ «ម្ចាស់សហគ្រាសធុនតូច និងមធ្យមរបស់យើង ត្រូវការពង្រឹងសមត្ថិភាព មិនមែនតែកម្មករ ឬបុគ្គលិកនោះទេ។ ម្ចាស់សហគ្រាសក៏ត្រូវបង្កើនចំណេះដឹង យល់ដឹងពីសហគ្រិនភាព យល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ យល់ដឹងពីការលក់ យល់ដឹងពីការទំនាក់ទំនងភ្ញៀវ យល់ដឹងពីការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មខ្លះដែរ ទើបធ្វើឱ្យសហគ្រាសរបស់យើងអាចរីកចម្រើន ហើយអាចផ្សារភ្ជាប់ទៅនឹងខ្សែសង្វាក់ផលិតកម្មនៅកន្លែងផ្សេងៗទៀតបាន។»
ឯកឧត្តមរដ្ឋមន្ត្រីបន្តពន្យល់ទៀតថា៖ «ដូច្នេះម្ចាស់រោងចក្រសហគ្រាសធុនតូច និងមធ្យម កុំយល់ថាជំនាញធ TVET សម្រាប់តែបុគ្គលិករបស់ខ្លួន វាក៏ជាស្ពានសម្រាប់ម្ចាស់រោងចក្រ សហគ្រាស ដែលយល់ថាខ្លួនឯងនៅខ្សោយ ខ្លួនឯងនៅត្រូវការជំនាញសហគ្រិនភាព យល់ពីច្បាប់ការងារ សូមកុំភ្លេច TVET ដើម្បីជាមធ្យោបាយមួយក្នុងការពង្រឹងសមត្ថិភាពរបស់ខ្លួន។»
លើសពីនេះទៅទៀត ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការរៀនជំនាញនេះដែរថា បច្ចុប្បន្នការបណ្ដុះ បណ្ដាលក៏មិនមែនមានតែមួយជម្រើសសម្រាប់បងប្អូននោះដែរ ពោលគឺមានរហូតទៅដល់ ៧ជម្រើសសម្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់អាចជ្រើសរើសរៀនបាន។
ជាចុងក្រោយ ឯកឧត្តមបានដាក់ក្ដីរំពឹងថា តាមរយៈការបណ្ដុះបណ្ដាលនេះ កម្ពុជានឹងអាចកែប្រែកម្លាំងពលកម្ម ទៅជាកម្លាំងជំនាញច្រើនជាងមុនដើម្បីទាក់ទាញវិនិយោគ ហើយប្រជាពលរដ្ឋនឹង មានការងារធ្វើច្រើនជាងមុន មានចំណូលច្រើនជាងមុន ជាពិសេសបានបំពេញការងារដែលប្រើ ប្រាស់ខួរក្បាលដើម្បីបញ្ជាគ្រឿងយន្ដ៕