
កាលពីថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ រថយន្តម៉ាក ហ៊ីយ៉ានដាយ ចំនួន១គ្រឿង បានបើកបរក្នុងល្បឿនមួយយ៉ាងលឿន វ៉ាជែងរថយន្តជាច្រើនគ្រឿង រេចង្កូតរថយន្ត ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ តែជាសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ដែលមានទីតាំងស្ថិតនៅតាបណ្តោយមមហាវិថីឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនមួយយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង វ៉ាជែងខាងស្ដាំរថយន្តជាច្រើនគ្រឿងបន្តបន្ទាប់គ្នា ហើយក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយតែម្ដង តែមិនបណ្តាលឲ្យអ្នកបើកបររថយន្ត និង អ្នករួមដំណើរម្នាក់ទៀត រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត និង អ្នករួមដំណើរខាងលើនេះ បាននាំគ្នាលូនចេញពីរថយន្តឡើងគោក រួចចាកចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវរថយន្តក្នុងប្រឡាយទឹកស្អុយ។ ចំណែកឯសមត្ថកិច្ចក៏បានចុះមកកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យមើល និង រង់ចាំឲ្យម្ចាស់រថយន្ត ស្ទូចរថយន្តឡើងគោក យកទៅជួសជុលឡើងវិញដោយខ្លួនឯង៕

