ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿងបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវទល់មុខផ្សារអ៊ីអន១ បណ្តាលឲ្យរងការខូចខាត

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ខ្ទាតចេញចំនួន៣កង់ បណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកឯមនុស្សវិញ មិនទទួលរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីយប់រំលងអធ្រាត ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងស្ថិតនៅទល់មុខ ផ្សារ​ទំនើប ​អ៊ី​អន ​ម៉ល ភ្នំពេញ  ហៅ ផ្សារអ៊ីអន១ មហាវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក McLaren ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ កម្ពុជា GAN.2790 ចំនួន១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយមហាវិថីសម្តេចសុធារស លុះមកដល់មុខផ្សារអ៊ីអន១ ស្រាប់តែរេចង្កូតទៅខាងឆ្វេង ក៏ជ្រុលទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតចំនួន៣កង់។ ចំណែកឯរថយន្តវិញ បែកកង់រេចង្កូតទៅម្ខាងផ្លូវ មិនអាចបន្តដំណើរទៅមុខទៀតបាន។ បន្ទាប់មកអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យឈឹង មិនដឹងថាទៅទីណាឡើយ ដោយបន្សល់នូវតែទុករថយន្តនៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button