ព័ត៌មានជាតិ

របួសធ្ងន់ចំនួន២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងកង់បីឥណ្ឌា និង រថយន្តនៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

កាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងកង់បីឥណ្ឌា និង រថយន្ត បណ្តាលឲ្យមនុស្សចំនួន២នាក់ រងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ​ រថយន្តម៉ាក Ford TERRITORY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-3276 ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ ដោយមានអ្នកបុរសរួមដំណើរជាមួយ ធ្វើដំណើរចេញពីផ្លូវលេខ២៨៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បើករថយន្តឆ្លងកាត់ផ្លូវបំបែកជា៤ ដល់កណ្តាលផ្លូវ ស្រាប់តែមានកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8205 ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ ដឹកបុរសម្នាក់ជាជនបរទេស ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវបំបែកជា៤ មិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់ជាមួយនឹងរថយន្តម៉ាក Ford TERRITORY ចំពាក់កណ្តាលទ្វារចំហៀងផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯរថយន្តម៉ាក Ford TERRITORY ក្រពឹត ផ្ទុះពោងសុវត្តិភាពចេញមកខាងក្រៅ រងការខូចខាត។ រីឯកង់បីឥណ្ឌាវិញ រួញផ្នែកខាងមុខ រងការខូចខាតដូចគ្នា។ ចំពោះអ្នកបើករថយន្តម៉ាក Ford TERRITORY វិញ ត្រូវបានសមត្ថកិច្ចឃាត់បាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះធ្វើការត្រួតពិនិត្យ វាស់វែង និង ធ្វើកំណត់ហេតុ។ បន្ទប់មកយករថយន្ត និង កង់បីឥណ្ឌាខាងលើនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button