ព័ត៌មានជាតិ

របួសធ្ងន់ចំនួន២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះចូលផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ

នៅវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ ព្រមទាំងរងការខូចខាតរថយន្ត និង សម្ភារៈមួយចំនួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Nissan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-0864 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន មិនបានប្រុងប្រយ័ត្ន រេចង្កូតរថយន្តទៅខាងស្តាំដៃ បុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សបុរសចំនួន២នាក់រងរបួសធ្ងន់ ព្រមទាំងរថយន្ត និង សម្ភារៈមួយចំនួនទៀត រងការខូចខាត។ ចំណែកឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ៕

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វាស់ និង យកអ្នកបើកបររថយន្ត ព្រមទាំងរថយន្តម៉ាក Nissan Navara  ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button