កាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-0620 បុក និង កិនចានស្នោរ១ថង់ធំ ដែលបានជ្រុះធ្លាក់ពីលើម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងមកលើផ្លូវ ដែលដឹកដោយជនមិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញស្រ្តីរងគ្រោះខាងលើ ធ្វើដំណើរពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កដឹកចានស្នោរ១គ្រឿង ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាជាមួយនឹងម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងដៅពីទិសខាងត្បូងទៅទិសខាងជើង លុះពេលដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែពេលនោះ ចានស្នោ១ថង់ធំបានហើរជ្រុះធ្លាក់ពីលើម៉ូតូសណ្តោងរ៉ឺម៉កមកលើផ្លូវ ជាហេតុធ្វើឲ្យស្រ្តីរងគ្រោះគេចមិនទាន់ ក៏បានបុក និង កិនចានស្នោនោះតែម្តងទៅ។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ និង ម៉ូតូសណ្តោងរ៉ឺម៉កដឹកចានស្នោរ ត្រូវបានយកទៅរក្សាទុកនៅឯប៉ុស្តិ៍ រង់ចាំការដោះស្រាយតាមច្បាប់៕