នៅវេលាម៉ោង៦ព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក តូយ៉ូតា ព្រុស និង កង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក តូយ៉ូតា ព្រុស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-1271 ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនឹង កង់បីឥណ្ឌា បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃចំនួន១អង្គ ក្រឡាប់ បណ្តាលឲ្យអ្នកបើកកង់បីឥណ្ឌាបាក់ជើង ចំណែកឯព្រះសង្ឃវិញ រងរបួស្រាល។ ភ្លាមៗនោះ រថយន្តបង្កក៏បានបើកគេចចេញពីកន្លែងកើតហេតុ ឆ្ពោះទៅទិសខាងជើង សំដៅទៅកាន់ផ្លូវ៦០ម៉ែត្រ ជិតដល់ស្ទុបកន្លែងលក់រថយន្តមែកសឺដែសក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏រេចចង្កូតរថយន្តឡើងលើឃឿនចិញ្ចើមផ្លូវ បុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់ចំនួន១ដើម ខ្ទេចរយន្តផ្នែកខាងមុខ និង បែកកង់រថយន្ត ទៅមុខលែងរួច ចំណែកឯអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួចចេញពីកន្លែងកើតហេតុទៀតបាត់ស្រមោល។
ក្រោយពេលកើតហេតុ រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចជូនមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ៕