
កាលពីវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលទៅបុកជាមួយនឹងគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ ដែលមានទីតាំងស្ថិនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យជ្រុងខាងត្បូង ជិតអតីតផ្សារទំនើបសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បើកម៉ូតូសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FC-3044 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងស្រា ឡើងលើស្ពានអាកាសស្ទឹងមានជ័យ ដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកក្បាលស្ពានពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កក្រឡាប់ផ្ងារជើងម្ខាង។ ចំណែកឯម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កវិញ ធ្លាក់មកលើស្ពានរងរបួសសន្លប់ស្ដូកស្ដឹងបាត់បង់ស្មារតី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅរថយន្តសាមុយមន្ទីរពេទ្យរុស្សី ដើម្បីដឹកជនរងគ្រោះយកទៅជួយសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ចំពោះម៉ូតូសណ្ដោងរ៉ឺម៉ករបស់ជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក រង់ចាំក្រុមគ្រួសារ ឬ សាច់ញ្ញាតិរបស់ជនរងគ្រោះចេញពីមន្ទីរពេទ្យ ដើម្បីប្រគល់ជូនវិញ៕
