ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុកជាមួយនឹងរថយន្តនៅ ស្រុកបាកាន ខេត្តពោធិ៍សាត់

កាលពីវេលាម៉ោង ៤ និង ២០នាទីល្ងាច ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍រមួយកើតឡើងរវាងរថភ្លើងបុកជាមួយនឹងរថយន្ត បណ្តាលឲ្យអ្នករស់នៅក្នុង ភូមិស្ដុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៤នាក់ រងរបួសធ្ងន់ និង ម្នាក់ទៀត រងរបួសស្រាល ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវឆ្លងចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ គេបានឮសូរសំឡេងស៊ីផ្លេរបស់រថភ្លើងសណ្ដោងដឹកប្រេងបន្លឺឡើង ដោយធ្វើដំណើរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត ខណៈពេលនោះគេក៏បានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8596 ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3487 បើកឆ្លងផ្លូវ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង ក៏ត្រូវរថភ្លើងបុករថយន្តតែម្តង បណ្តាលឲ្យរថយន្តធ្លាក់ផ្លូវ ព្រមទាំងអ្នកធ្វើដំណើរតាមរថយន្តចំនួន៥នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីជួយសង្រោះ។ 

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមានអ្នករបួសធ្ងន់ចំនួន៤នាក់ និង ស្រាលចំនួន១នាក់  រួមមាន៖ ទី១. ឈ្មោះ យ៉ាន់ រ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសស្រាល, ទី២. ឈ្មោះ វ៉ាន់ ប៊ន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់, ទី៣. ឈ្មោះ ឈម នាង ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសធ្ងន់, ទី៤. ឈ្មោះ សាយ សុខនី ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ និង ទី៥. ឈ្មោះ នូ បារាំង ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់។ ចំណែកឯអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ឈ្មោះ ណូក ប៊ុនហួយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនមានរបួសអ្វីនោះទេ។ រីឯអ្នករងរបួសវិញ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីជួយសង្គ្រោះ និង ព្យាបាល។

បច្ចុប្បន្នរថយន្តជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ ចំណែកឯរថភ្លើង និង អ្នកបើកបរ មានឈ្មោះ ឡោ សាវី ភេទប្រុស អាយុ៥៣ឆ្នាំ អនុញ្ញាតឲ្យបន្តដំណើរទៅមុខបន្ត ដោយទុកលេខទូរសព្ទសម្រាប់ទាក់ទងង៕

អត្ថបទពាក់ព័ន្ធ

Back to top button