(ប្រទេសឥណ្ឌា) ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤ បានចុះផ្សាយ នូវការកើនឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា ដោយសីតុណ្ហភាពនៅបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤៩.៩អង្សាសេ ខណៈដែលអាជ្ញាធរព្រមាន អំពីការខ្វះខាតទឹក នៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសឥណ្ឌាមួយនេះ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ដែលរាយការណ៍ពី «លក្ខខណ្ឌនៃរលកកំដៅធ្ងន់ធ្ងរ» បានកត់ត្រាកម្រិតសីតុណ្ហភាពដូចខាងលើ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅតំបន់ជាយក្រុងញូវដេលី Delhi ចំនួនពីរគឺ Narela និង Mungeshpur ខណៈសីតុណ្ហភាមាន កម្រិត ខ្ពស់ ជាង ការ ព្យាករ ដល់ ទៅ ៩ អង្សាសេ។ នៅថ្ងៃពុធនេះ ក្រុមអ្នកឧតុនិយម បានព្យាករពីសីតុណ្ហភាពស្រដៀងគ្នានេះ សម្រាប់ទីក្រុងដែលមានប្រជាជនប្រមាណជាង ៣០លាននាក់ និងបានចេញសេចក្តីជូនដំណឹងអំពីការព្រមានពណ៌ក្រហម សម្រាប់ប្រជាជនឱ្យយកចិត្តទុកដាក់ថែទាំសុខភាព។ កម្រិតពណ៌ក្រហមគឺជាការព្រមានពី «លទ្ធភាពខ្ពស់នៃការវិវត្តទៅជាជំងឺគ្រុនក្តៅ និង ជំងឺសន្លប់ដោយសារកម្តៅ ចំពោះមនុស្សគ្រប់វ័យ»ជាមួយនិង «ការថែទាំជាចាំបាច់បំផុតសម្រាប់អ្នកដែលងាយរងគ្រោះ»។ កម្តៅក៏នឹងឡើងខ្ពស់នៅពេលយប់ផងដែរ។ បើតាម IMD រលកកំដៅនៅភាគពាយព្យ និងភាគកណ្តាលនៃប្រទេសឥណ្ឌា ទំនងជាថមថយបន្តិចម្តង ចាប់ពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០២២ សីតុណ្ហភាពនៅផ្នែកខ្លះនៃទីក្រុងញូវដែលី បានឡើងដល់ ៤៩.២អង្សាសេ។
វាមិនមែនជារឿងចម្លែកទេចំពោះការកើនឡើងនូវកម្តៅ ក្នុងប្រទេសឥណ្ឌា ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រច្រើនឆ្នាំមកនេះ រកឃើញថា កត្តាប្រែប្រួលអាកាសធាតុបណ្តាលឱ្យរលកកម្តៅអូសបន្លាយពេល កើតឡើងញឹកញាប់ និងកាន់តែខ្លាំងក្លា៕