ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

រាជរដ្ឋបាលភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស

នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ទោះលើការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។

ការថ្លែងបែបបនេះធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចធិបតី និង លោក កាត្សឹណារី  ម៉ាត្សឹដា នាយកក្រុមហ៊ុន Meiji Co., Ltd ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

នៅក្នុងជំនួបនោះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង ប្រទសក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បីចូលរួមលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ លើសពីនេះ សម្តេចមហាបវរធិបតី គូសបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

លោក កាត្សឹណារី  ម៉ាត្សឹដា បានជម្រាបជូនសម្តេចធិបតីពីគម្រោងនៃការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំងលើបច្ចេកវិទ្យាទំនើប នៅក្នុងប្រទេសកម្ពុជា  នាពេលខាងមុខ។ លោកក៏សម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ៕

អត្ថបទពាក់ព័ន្ធ

Back to top button