ព័ត៌មានជាតិ

រឿងថ្មី! គឺកូនតុងទីនបានបោកមេរបស់ខ្លួន ដោយសមាជិកខ្លះដែលដេញបាន ឬភាសាអ្នកលេងតុងទីនថា «អ្នកងាប់» នោះបានគេចវេសមិនបង់លុយបន្តទៅឱ្យ មេ ទើបមេតុងទីនទាល់ច្រកគិតខ្លី ក៏ធ្វើអត្តឃាតបញ្ចប់ជីវិត

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខE២ ផ្លូវលេខ១ បុរីVIP ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រឿងអាស្រូវនៃការលេងតុងទីនកន្លងម កកើតឡើងជាបន្តបន្ទាប់ ផ្ដើមចេញពីមេបោកកូន មេតែងតែប្រមូលលុយរាប់សែនដុល្លារវេចបង្វិចរត់ចោលកូន បង្កើតជាបញ្ហាឈឺក្បាលដល់អាជ្ញាធរផងដែរ។

ប៉ុន្តែឥឡូវនេះស្រាប់តែមានរឿងថ្មីមួយកើតឡើង គឺកូនតុងទីនបានបោកមេរបស់ខ្លួន ដោយសមាជិកខ្លះដែលដេញបាន ឬភាសាអ្នកលេងតុងទីនថា «អ្នកងាប់» នោះបានគេចវេសមិនបង់លុយបន្តទៅឱ្យមេសោះ ។ ចំណែកខ្លះទៀតគិតតែពីទៅសួរនាំទារលុយពីមេ ធ្វើឱ្យមានការច្របូកច្របល់ ហើយបង្កឱ្យស្ត្រីដែលជាមេតុងទីនរូបនោះពិបាកចិត្តខ្លាំងណាស់ទាល់ច្រកគិតខ្លី ក៏ធ្វើអត្តឃា.តបញ្ចប់ជីវិតខ្លួនឯង ដោយច.ងកគួរឱ្យអាណោចអាធ័មបំផុត។

ស្ត្រីជាមេតុងទីនរងគ្រោះ ឈ្មោះ ចាន់ ណារី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១E០ ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ គាត់បានយកខ្សែអង្រឹងច.ងក ជាប់ជាមួយដែកទ្វារផ្ទះកូនរបស់គាត់ ដែលមានទីតាំងស្ថិតនៅកន្លែងកើតហេតុនេះ ។
កូនប្រសាររបស់ជនរងគ្រោះបាននិយាយថា កាលពីវេលាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ម្ដាយក្មេករបស់គាត់បានមកលេងផ្ទះគាត់ ប៉ុន្តែមិនបានជួបប្ដីគាត់ទេ ព្រោះមិននៅផ្ទះទេ ដោយបានចេញទៅរត់តាក់ស៊ីបាត់ហើយ។ ពេលនោះគាត់បានឃើញអ្នកម្ដាយក្មេកមានទឹកមុខស្រពាប់ស្រពោនស្រងូតស្រងាតខ្លាំងណាស់ ព្រោះតែម្ដាយក្មេករបស់គាត់ត្រូវបានកូនតុងទីនបោកលុយអស់ជាច្រើន ដែលបានធ្វើឱ្យគាត់ពិបាកចិត្តខ្លាំងណាស់។
កូនប្រសារស្រីរូបនោះបាននិយាយបន្តទៀតថា លុះដល់វេលាម៉ោងប្រហែល៩និងង៣០នាទីយប់ថ្ងៃដដែល ម្ដាយក្មេករបស់គាត់បានសម្រាកនៅខាងក្រោម ចំណែកគាត់បាននាំកូនឡើងទៅដេកក្នុងបន្ទប់ខាងលើ។ រហូតដល់វេលាម៉ោងប្រហែលជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ខណៈដែលគាត់ចុះទៅបើកទ្វារឱ្យប្ដីដែលទើបត្រឡប់មកដល់ផ្ទះ ហើយបញ្ចាំងពិលចំម្ដាយក្មេក បានឃើញគាត់កំពុងយំ ។
ស្ត្រីជាកូនប្រសារបានរៀបរាប់ប្រាប់បន្តទៀតថា ពេលនោះនាងនិងប្ដីបាននិយាយលួងលោម ឱ្យអ្នកម្ដាយស្ងប់ចិត្តរហូតគាត់សម្រាកទើបនាំគ្នាឡើងទៅដេកនៅក្នុងបន្ទប់ខាងលើ រួចបានលង់លក់រហូតដល់វេលាម៉ោងជាង៦ព្រឹកថ្ងៃដដែល ។ ពេលដែលប្ដីគាត់បានដើរចុះទៅខាងក្រោម ក៏បានប្រទះឃើញម្ដាយច.ងកនឹងខ្សែអង្រឹងជាប់ដែកទ្វារខាងក្រោយ ប្ដីរបស់គាត់ក៏ស្រែកហៅគាត់ឱ្យទៅមើល ហើយនាំស្រាយខ្សែដាក់ចុះ ដើម្បីនាំទៅសង្រ្គោះដែរ ប៉ុន្តែម្ដាយក្មេកបានស្លា.ប់បាត់ទៅហើយ។

ក្រុមគ្រួសារបានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ស្ពានថ្ម និងនគរបាលខណ្ឌដង្កោឱ្យចុះទៅពិនិត្យ ។ នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ លទ្ធផលគឺស្ត្រីនេះ ស្លាប់ដោយការធ្វើអត្តឃា.តមែន៕

អត្ថបទពាក់ព័ន្ធ

Back to top button