ព័ត៌មានអន្តរជាតិ

លិខិតស្នើសុំផលិតនុយក្លេអ៊ែរដំបូងដោយលោក Einstein នឹងត្រូវដាក់ឲ្យដេញថ្លៃពី៤ទៅ៦លានដុល្លារ

សប្តាហ៍នេះទូរទស្សន៍ BBC បានចេញផ្សាយថាលិខិតមួយច្បាប់ដែលធ្វើឡើងដោយកំពូលអ្នកប្រាជ្ញាពីអតីតកាលលោក Albert Einstein ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលអាមេរិកក្នុងការអភិវឌ្ឍគ្រាប់នុយក្លេអ៊ែរដំបូងបំផុតរបស់ពិភពលោកនោះនឹងត្រូវដាក់ឲ្យធ្វើគេនាំគ្នាដេញថ្លៃហើយ។

លិខិតនោះត្រូវបានគេដឹងថាបានធ្វើឡើងកាលពីអំឡុងឆ្នាំ១៩៣៩និងត្រូវបញ្ជូនវាទៅប្រធានាធិបតីអាមេរិកលោក Franklin D Roosevelt។លិខិតនោះក៏បានសរសេររៀបរាប់និងព្រមានផងដែរថាកងទ័ពណាហ្ស៊ីសរបស់អាល្លឺម៉ង់ប្រហែលជាបានចាប់ផ្តើមក្នុងការផលិតអាវុធប្រល័យលោកនេះមុនអាមេរិកទៅហើយដូច្នេះរដ្ឋាភិបាលអាមេរិកចាំបាច់ត្រូវតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការងារនេះ។

ទោះបីជាយ៉ាងណាក្តី៣ឆ្នាំក្រោយមកបន្ទាប់ពីឆ្នាំនោះទើបអាមេរិកបានចាប់ផ្តើមក្នុងការធ្វើការងារទៅលើគម្រោងដែលមានឈ្មោះថា Manhattan ដែលនេះហើយជាគម្រោងដំបូងបង្អស់របស់អាមេរិកនិងក៏ជាគម្រោងដែលនាំឲ្យមានទៅដល់ការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងនិងតែម្តងគត់ដោយអាមេរិកទៅលើប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥។

ចុងក្រោយបំផុតលិខិតពីអតីតកាលនេះត្រូវបានលក់ទៅឲ្យលោក Paul Allen ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ហើយលោកក៏បានលាចាកលោកកាលពីឆ្នាំ២០១៨កន្លងមកក្នុងអាយុ៦៥ឆ្នាំ។វត្ថុប្រើប្រាស់និងអនុស្សាវរីយថ្លៃៗរបស់បុរសរូបនេះត្រូវបានដាក់លក់ដេញថ្លៃជាបន្តបន្ទាប់នៅក្នុងទីក្រុងញូវយ៉កតាំងតែពីខែកញ្ញាកន្លងមកនេះ។

តាមផែនការក្រៅតែពីវត្ថុជាច្រើនទាំងនោះហើយនោះលិខិតរបស់លោក Einstein នេះគឺនឹងក្លាយទៅជាវត្ថុដែលគួរឲ្យចាប់អារម្មណ៍បំផុតជាងគេក្នុងចំណោមនោះហើយជឿជាក់ថាវានឹងអាចលក់បានក្នុងតម្លៃចន្លោះពី៤ទៅ៦លានដុល្លារ។

រំលឹកដែរថាតាមពិតលិខិតនោះត្រូវបានសរសេរដោយដៃពីសំណាក់អ្នកវិទ្យាសាស្ត្ររូបវិទ្យាជនជាតិហុងគ្រី Leo Szilard ប៉ុន្តែត្រូវបានចុះហត្ថលេខាដោយលោក Einstein ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានការចាប់អារម្មណ៍និងទាក់ចិត្តប្រធានាធិបតីអាមេរិកកាលពីសម័យគ្រានោះអំពីបំណងរបស់គាត់៕

អត្ថបទពាក់ព័ន្ធ

Back to top button