ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

លោកឧកញ៉ា តែ តាំងប៉ ស្នើសុំឱ្យ CDC មានការយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតលើវិស័យ SMEs

ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា បានស្នើសុំឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតទៅលើវិស័យ SMEs ជារួម។

ការស្នើនេះដែរ លោកឧកញ៉ា តែ តាំងប៉ បានសុំឱ្យស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ថែមការយកចិត្តទុកដាក់ដល់វិស័យវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅអំពី​វិនិយោគិនដោយផ្ទាល់ពីបរទេសដែលចូលមកវិនិយោគនៅកម្ពុជា ដើម្បីជាការគាំទ្រ និងផ្ដល់ឱកាស​ដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលផងដែរ។

បន្ថែមពីនោះផងដែរ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជារូបនេះ ក៏បាន​ស្នើសុំឱ្យ CDC ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំជាទម្រង់នៃកិច្ច សហការណាមួយរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិ និយោគិនកម្ពុជា ជាពិសេសនៅក្នុងសហគ្រាសធុនតូច និងមធ្យមតែម្ដង។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនដល់គណៈ​ប្រតិភូ​សម្ព័ន្ធ សមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពីភារកិច្ចការងាររបស់ស្ថាប័ន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលដើរតួរនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងសម្រប​សម្រួលកិច្ចការងារ វិនិយោគិនជូនវិនិយោគិន អាស្រ័យដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជា​បានចាត់ទុកផ្នែក ឯកជន គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ជាចំណែកជំរុញភាពរីកចម្រើនរបស់​សង្គមជាតិ។

គួរបញ្ជាក់ថា កិច្ចប្រជុំនានៅថ្ងៃនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យគណៈ​​ប្រតិភូ ជាសមាជិក សមាជិកា នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការចង្អុលបង្ហាញ និងកិច្ចសហការនានារវាង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និង FASMEC ដើម្បីឱ្យស្ថាប័នទាំងពីរអាចសហការរួមគ្នា លើកកម្ពស់ការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Back to top button