ព័ត៌មានជាតិ

លោក ឃន វុទ្ធី អភិបាលក្រុងកែបស្តីទី បានហៅអាជីវករ ២នាក់ប្តីប្រពន្ធ ដែលបានទារលុយពីភ្ញៀវទេសចរ ទៅអង្គុយលេងកម្សាន្តនៅតាមបណ្តោយមាត់សមុទ្រឆ្នេរកែប ដើម្បីធ្វើការសួរនាំ

ខេត្តកែប ៖ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែករំលែកវីដេអូឃ្លីបមួយ បង្ហាញថា អាជីវករឈ្មោះ ជីប រំចង់ និងប្រពន្ធឈ្មោះ ប៉ាវ ធី ជាអាជីវករលក់ដូរនៅឆ្នេរកែប បានប្រព្រឹត្តកំហុសឆ្គងទារយកលុយ១ម៉ឺនរៀល ពីភ្ញៀវទេសចរណ៍ មកអង្គុយកម្សាន្តលំហែរតាមបណ្តោយឆ្នេរ ដែលជាទីតាំងសាធារណៈរបស់រដ្ឋ កាលពីល្ងាចទី១០ ខែមេសា ឆ្នាំ២០២៤ ។
អាជីវករទាំង២នាក់ បានសារភាពថា នៅល្ងាចថ្ងៃចន្ទ ពួកគាត់ប្រព្រឹត្ត នូវកំហុសឆ្គងទារប្រាក់ពីភ្ញៀវទេសចរ ដែលមកអង្គុយលំហែកម្សាន្ត តាមបណ្តោយឆ្នេរកែប ជាទីតាំងសាធារណៈរបស់រដ្ឋ ពិតប្រាកដមែន។ អាជីវករទាំង២នាក់ បានយល់ព្រមធ្វើកិច្ចសន្យា បញ្ឈប់ប្រព្រឹត្តិទង្វើរបែបនេះ ។

លោក ឃន វុទ្ធី អភិបាលក្រុងកែបស្តីទី បានបញ្ជាក់នាព្រឹកនេះថា លោកនឹងហៅអាជីវករ ដែលទារលុយពីភ្ញៀវទេសចរនៅឆ្នេរកែប ទៅអប់រំបន្ថែមទៀត។ ការអប់រំណែនាំនេះ រដ្ឋបាលក្រុងកែប បានធ្វើជាច្រើនដងរួចហើយ ហើយកាលពីសប្តាហ៍មុននេះ លោកក៏បានចុះណែនាំអាជីវករ ដែលរកស៊ីនៅតាមបណ្តោយឆ្នេរកែបនោះរួចហើយដែរ មុនរដូវចូលឆ្នាំថ្មីមកដល់ យ៉ាងណានៅតែមានអ្នកឆ្លៀតឱកាសបង្កភាពមិនសប្បាយរីករាយដល់ភ្ញៀវទេសចរ ។ អាជ្ញាធរហាមដាច់ខាត មិនអោយមានការក្រាលកន្ទេលយកលុយ ឬទារពីភ្ញៀវទេសចរនោះទេ ដោយឡែកសម្រាប់ទីតាំងលើការូឡា តាមបណ្តោយមាត់ឆ្នេរស្រីស ដែលភ្ញៀវទេសចរមកដាក់តុអង្គុយនោះ ក៏មិនអនុញ្ញាតអោយភ្ញៀវទេសចរ ឬអាជីវករ ក្រាលកន្ទេល ឬដាក់តុអង្គុយនោះដែរ ដោយទុកសម្រាប់តែ ផ្លូវថ្មើរជើងប៉ុណ្ណោះ ៕

អត្ថបទពាក់ព័ន្ធ

Back to top button