ព័ត៌មានអន្តរជាតិ

លោក ចូ ប៉ៃឌិន ព្យាយាមដាក់ទណ្ឌលើកម្មអ្នកតាំងទីលំនៅថ្មីអ៊ីស្រាអែល

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន ដែលកំពុងប្រឈមមុខនឹងការខឹងសម្បារពីអ្នកបោះឆ្នោតគាំទ្រប៉ាឡេស្ទីនលើការគាំទ្ររបស់លោកចំពោះសង្គ្រាមនៅទីក្រុងហ្សេរុយសាឡឹមខាងលិចប្រឆាំងនឹងក្រុមហាម៉ាស បានចេញក្រឹតមួយដើម្បីព្យាយាមដាក់ផ្តន្ទាទោសអ្នកតាំងទីលំនៅថ្មីអ៊ីស្រាអែល ដែលប្រព្រឹត្តអំពើហឹង្សានៅតំបន់វែសត៍ ប៊ែង។

លោក ប៉ៃឌិន បានចុះហត្ថលេខាលើក្រឹតមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យមានការបង្កកទ្រព្យសម្បត្តិ ការរឹតបន្តឹងទិដ្ឋាការ និងការដាក់ទណ្ឌកម្មផ្សេងទៀតប្រឆាំងនឹងជនបរទេស ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារ ឬ គម្រាមកំហែងជនស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីន។ ក្រោយមក ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសអំពីក្រុមបុគ្គល ដែលត្រូវបានដាក់ទណ្ឌកម្មជាលើកដំបូង ក្រោមគំនិតផ្តួចផ្តើមនេះ ដោយដាក់ឈ្មោះអ្នកតាំងលំនៅថ្មីចំនួន៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានវាយប្រហារលើជនស៊ីវិលនៅក្នុងតំបន់វែសត៍ ប៊ែង ឬ សកម្មជនអ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែលត្រូវតែធ្វើបន្ថែមទៀតដើម្បីបញ្ឈប់អំពើហិង្សាលើជនស៊ីវិលនៅតំបន់វែសត៍ ប៊ែង និងទទួលខុសត្រូវចំពោះអ្នកដែលទទួលខុសត្រូវចំពោះវា” ។ “សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការដើម្បីជំរុញកម្មវត្ថុគោលនយោបាយការបរទេស សហរដ្ឋអាមេរិក រួមទាំងលទ្ធភាពជោគជ័យនៃដំណោះស្រាយរដ្ឋពីរ ហើយប្តេជ្ញាចំពោះសុវត្ថិភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនដូចគ្នា”។

យោងតាមការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាស្ថិតនៅក្រោមការពិភាក្សាគឺការវាយប្រហារ និងការគម្រាមកំហែងប្រឆាំងនឹងជនស៊ីវិល ដែលត្រូវបានប្រើប្រាស់ក្នុងករណីខ្លះ ដើម្បីបង្ខំឲ្យប្រជាជនប៉ាឡេស្ទីនចេញពីកន្លែងរស់នៅរបស់ពួកគេនៅតំបន់វែសត៍ ប៊ែង។ ជាឧទាហរណ៍ បុគ្គលម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានដាក់ទណ្ឌកម្មគឺ លោក David Chai Chasdai ត្រូវបានចោទប្រកាន់ថា បានដឹកនាំកុប្បកម្ម ដែលរថយន្ត និងអគារ ត្រូវបានដុត ហើយជនស៊ីវិលប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់។ មានការវាយប្រហារពីអ្នកតាំងលំនៅថ្មីរាប់រយនាក់ប្រឆាំងនឹងជនស៊ីវិលនៅតំបន់វែសត៍ ប៊ែង  ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមនៅក្នុងខែតុលា។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅក្នុងសេចក្តី​ថ្លែង​ការណ៍​មួយថា អំពើហឹង្សារបស់អ្នកតាំងលំនៅថ្មី “បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់វែសត៍ ប៊ែង អ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ា ហើយគម្រាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក”។

ទណ្ឌកម្ម​នឹង​រួម​បញ្ចូល​ទាំង​ការ​បិទ​ការ​ចូល​ទៅ​កាន់​ទ្រព្យសម្បត្តិ​អាមេរិក​របស់​បុគ្គល ​ដែល​ត្រូវ​បាន​គេ​កំណត់​គោលដៅ ព្រម​ទាំង​ហាម​មិន​ឱ្យ​ពួកគេ​ចូល​ទៅ​ក្នុងទឹកដី​សហរដ្ឋ​អាមេរិកផងដែរ។ អ្នកតាំងលំនៅថ្មីដែលត្រូវបានចោទប្រកាន់ ក៏នឹងត្រូវបានរារាំងពីប្រតិបត្តិការជាមួយពលរដ្ឋអាមេរិក និងពីការចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផងដែរ។

រដ្ឋបាល ​លោក ប៉ៃឌិត ស្ទើរតែដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែលមួយចំនួន។ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលបានពិចារណាដាក់ទណ្ឌកម្មសមាជិក “អ្នកជាតិនិយមជ្រុល” នៃរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ រួមទាំងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដែលបានព្យាយាមបន្ថយអំពើហិង្សាអ្នកតាំងលំនៅថ្មី។ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីស្រាអែលកំពុងកាត់ទោសបុគ្គលដែលបំពានច្បាប់ ហើយ “មិនមានកន្លែងសម្រាប់វិធានការមិនធម្មតាក្នុងរឿងនេះទេ”។

លោក ប៉ៃឌិន ដែលកំពុងស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា បានប្រឈមមុខនឹងការរិះគន់ផ្នែកនយោបាយជុំវិញការគាំទ្ររបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង២៧,០០០នាក់ ដែលជាជនស៊ីវិលជាចម្បង ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីជម្លោះបានចាប់ផ្តើម។

ការស្ទង់មតិរបស់សកលវិទ្យាល័យ Quinnipiac ចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា មានតែអ្នកបោះឆ្នោតអាមេរិក ៣៤% ប៉ុណ្ណោះដែលពេញចិត្តការដោះស្រាយបញ្ហាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ របស់ លោក ប៉ៃឌិន។ ការស្ទង់មតិមុននេះដោយ CBS News បានរកឃើញថា ការគាំទ្ររបស់ប្រធានាធិបតីសម្រាប់អ៊ីស្រាអែល កំពុងបាត់បង់អ្នកបោះឆ្នោតកាន់ប្រជាធិបតេយ្យយ៉ាងតិចមួយភាគបី៕

ប្រភព៖ RT, ថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button