ព័ត៌មានអន្តរជាតិ

លោក ពូទីន ផ្លាស់ប្តូរការស្តីបន្ទោសចំពោះការទទួលខុសត្រូវនៃការវាយប្រហារភេរវកម្ម

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្និដ្ឋានថា “ក្រុមអ៊ីស្លាមរ៉ាឌីកាល់” ជាអ្នកនៅពីក្រោយការវាយប្រហារលើកន្លែងប្រគុំតន្ត្រីមួយនៅជិតទីក្រុងមូស្គូ។ លោក​មិន​បាន​អើពើ​ទៅលើភស្តុតាង​អំពី​ក្រុម​រដ្ឋ​ឥស្លាម​ឡើយ ហើយ​បាន​ព្យាយាម​ស្តីបន្ទោសប្រទេស​អ៊ុយក្រែន។ លោក​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​នេះ​គឺជា​អ្នក​ទទួល​ខុស​ត្រូវ ប៉ុន្តែ​លោក​ចង់​ដឹង​ថា ​អ្នក​ណា​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​នោះ។

ប្រជាជនរុស្ស៊ីកំពុងកាន់ទុក្ខមនុស្សចំនួន១៣៩នាក់ ដែលត្រូវបានសម្លាប់កាលពីយប់ថ្ងៃសុក្រនៅក្នុងទីក្រុងប្រជុំជន Krasnogorsk ដែលជាទីក្រុងមួយនៅជាយរដ្ឋធានី។ វា​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បំផុត​នៅ​រុស្ស៊ី​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍។ ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវក្នុងរយៈពេលប៉ុន្មានម៉ោង។ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​នឹង​កំពុង​ពិនិត្យមើលតាមរយៈ​ភស្តុតាង​ ហើយ​ចង់​ឈាន​ដល់​ការ​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង។

បុរស​ចំនួន៤​នាក់​មក​ពី​ប្រទេស​តាហ្ស៊ីគីស្ថាន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម។ ពួក​គេ​មាន​ស្នាម​របួស និង ជាំ និង ​​បង្ហាញ​ស្នាម​ដែល​ត្រូវ​បាន​គេ​វាយ។ អាជ្ញាធរ​បាន​និយាយ​ថា ពួកគេ​ក៏​បាន​ចាប់​ឃុំខ្លួនជន​សង្ស័យចំនួន៧នាក់​ផ្សេង​ទៀត។

លោកពូទីនបាននិយាយថា ខ្មាន់កាំភ្លើងជាច្រើននាក់ត្រូវបានចាប់ខ្លួន ខណៈពេល ដែលពួកគេកំពុងព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបានជួបជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់គាត់កាលពីថ្ងៃចន្ទ។ លោក​បាន​និយាយ​ថា ពួកគេ​ដឹង​ថា​ អ្នក​ណា​ប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែ​ចាប់​អារម្មណ៍ទៅលើ​អ្នក​ណា​ដែលទទួលបាន​ផល​ប្រយោជន៍។ លោកបាននិយាយថា “យើងដឹងថាសហរដ្ឋអាមេរិក តាមរយៈបណ្តាញផ្សេងៗ កំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសរណបរបស់ខ្លួន និង ប្រទេសដទៃទៀតថា យោងតាមការស៊ើបការណ៍របស់ខ្លួន គ្មានស្នាមមេដៃមនុស្សរបស់ទីក្រុងគៀវលើការវាយប្រហារភេរវកម្មនោះទេ”។

មន្ត្រីអាមេរិកបានច្រានចោលការអះអាងរបស់លោកពូទីន ដែលចង្អុលទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា មិនមានទំនាក់ទំនងអ្វីឡើយ។ មេដឹកនាំប្រទេសអ៊ុយក្រែនបានបដិសេធរាល់ការទទួលខុសត្រូវណាមួយ។ ពួកគេបាននិយាយថា លោកពូទីនគ្រាន់តែចង់បង្វែរការស្តីបន្ទោស៕

ប្រភព៖ NHK, ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button