ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវ រកមុខអ្នកកាច់បំផ្លាញបង្គោលភ្លើងសូឡាបំភ្លឺដងផ្លូវ អស់០៩ដើម

ខេត្តបាត់ដំបង ៖ បង្គោលភ្លើងសូឡាដែលជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជន ដែលដាក់ពង្រាយបំភ្លឺតាមដងផ្លូវយ៉ាងតិច០៩ដើមក្នុងចំណោមជាង១៥០ដើម ត្រូវក្រុមជនអន្ធពាលកាច់បំបាក់វាយកម្ទេចចោល ដែលគេសង្ស័យអាចកើតឡើងនៅ ថ្ងៃទី២៦ មីនា ឆ្នំា២០២៤នេះ នៅលើដងផ្លូវកៅស៊ូក្នុងចន្លោះទឹកដីភូមិសំបួរមាស ឃុំស្នឹង ដល់ព្រំប្រទល់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់។
លោក នាង ណាត អនុភូមិសំបួរមាសបានឲ្យដឹងថា បង្គោលភ្លើងសូឡាចំនួន០៩ដើម ត្រូវជនអន្ធពាលកាច់បំបាក់ត្រឹមគល់ រួចវាយកម្ទេចអំពូលចោល ។ បង្គោលភ្លើងដែលរងការខូចខាតភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រចុងខាងត្បូង នៃភូមិសំបួរមាស លើកំណាត់ផ្លូវឆ្ពោះទៅកាន់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់។

លោកអនុភូមិបានប្រាប់ថា លោកនិងកម្លាំងប្រជាការពារភូមិ តែងរួមគ្នាចេញល្បាតពេលយប់ នៅតាមដងផ្លូវនោះ ហើយជារឿយៗ តែងប្រទះឃើញក្រុមក្មេងទំនើងនាំគ្នាបង្ហោះម៉ូតូលើដងផ្លូវ ឬ ពេលខ្លះពួកគេប្រមូលផ្ដុំគ្នា ដែលយើងសង្ស័យថា ពួកគេប្រមូលផ្ដុំគ្នាប្រើប្រាសថ្នាំញៀនទៀត
ផង។ លោក នាង ណាត បានបញ្ជាក់ថា ការប្រមូលផ្ដុំគ្នា និងការបង្ហោះម៉ូតូរបស់ក្រុមក្មេងទំនើងនេះ ភាគច្រើនពួកគេធ្វើសកម្មភាពចាប់ពីម៉ោង៨យប់ឡើងទៅ។

ព្រោះនៅលើកំណាត់ផ្លូវនោះ មានសភាពស្ថាត់ មិនមានអ្នកភូមិរស់នៅ ហើយមិនសូវមានអ្នកដំណើរឆ្លងកាត់ទៀត។ ប៉ុន្តែនៅពេលលោក និងកម្លាំងប្រជាការពារ ខកខានចេញល្បាតប៉ុន្មានយប់ចិងក្រោយនេះ ស្រាប់តែមានរឿងជនអន្ធពាលលួចកាច់បង្គោលភ្លើងសូឡាបំផ្លាញចោលតែម្ដង។
លោកអនុភូមិបានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំសង្ស័យទៅលើក្រុមក្មេងទំនើង ជាអ្នកបំភ្លេចបំផ្លាញបង្គោលសូឡានេះ។ ជាពិសេស ក្រុមក្មេងទំនើង ដែលតែងប្រមូលផ្ដុំគ្នានៅតំបន់នោះ ប្រើប្រាសថ្នាំញៀនតែម្ដង»។ សារព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោកស្រេង សុខា អភិបាលស្រុកបាណន់បានទេ នៅរសៀលថ្ងៃទី ២៦ មីនា ពាក់ព័ន្ធនឹងជនអន្ធពាលវាយកំទេចបង្គោលសូឡាខាងលើនេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។

កម្លាំងជំនាញបាននិងកំពុងចុះស៊ើបអង្កេតលើករណីនេះហើយ។ បើតាមការស្រាវជ្រាវបឋម ជនប្រព្រឹត្តអាចមានពីរក្រុម ដែលសុទ្ធសឹងជាក្រុមក្មេងទំនើង ហើយកម្លាំងជំនាញកំពុងធ្វើការយ៉ាងសកម្មលើករណីនេះ៕

អត្ថបទពាក់ព័ន្ធ

Back to top button